ព័ត៌មានជាតិ

(មានវីដេអូ) បើករថយន្តលឿនផ្តាច់ប្រលឹង បុកគាបជាប់បង្គោលស្តុបទៅមុខលែងរួច

ភ្នំពេញៈ បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកបើករថយន្តស៊េរីទំនើបបត់ឆ្លងផ្លូវយ៉ាងលឿនបួងចង្កូតមិនផុតបុកបង្គោលស្តុបពេញទំហឹងគាបជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង ១និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចស្តុបត្រសក់ផ្អែម តាមបណ្តោយផ្លូវត្រសក់ផ្អែមកែងផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេង១ ខណ្ឌចំការមន។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកហុងដាស៊ីធី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-1117 បើកដោយបុរសស្រវឹងជោកជាំម្នាក់ ក្នុងល្បឿនលឿន តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្តុបត្រសក់ផ្អែម ក៏បានឆ្លងស្តុបបត់មកខាងឆ្វេងផ្លូវត្រសក់ផ្អែមវិញ តែបត់ឆ្លងផ្លូវយ៉ាងលឿនខ្លាំងពេក បួងចង្កូតមិនផុតជ្រុលទៅបុកនិងបង្គោលស្តុបយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតទាំងមុខទាំងក្រោយ ហើយគាបជាប់និងបង្គោលស្តុបទៅមុខលែងរួច។ ភ្លាមៗនោះដែរ បុរសស្រវឹងនោះ បានព្យាយាមថយរថយន្តទៅក្រោយ ដើម្បីបើកគេចខ្លូន តែដោយសារ​ឡាន​គាបជាប់ទាំងមុខទាំងក្រោយទៅមិនរួច ក៏ចុះពីរថយន្តរត់គេចខ្លូនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុ ដោយ​ធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយជាមួយនិងសម្បត្តិរដ្ឋ៕

មតិយោបល់