កំពង់ឆ្នាំងៈ តាមប្រភពព័ត៌មាន រាយការណ៍មកថា កាលពីវេលាម៉ោងប្រហែលជា ៨ យប់ថ្ងៃទី ១១ ខែ ៩ ឆ្នាំ ២០១៩ កម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនមេការសំណង់ម្នាក់ និងកម្មករ ៩នាក់ (ម្នាក់ក្នុងចំណោមពួកគេ មានផ្ទុកសារធាតុញៀន និងម្នាក់ទៀត មានជាតិអាល់កុលលើសកម្រិត)។
ដំណើររឿង៖ ខណៈកងកម្លាំងនគរបាលចរាចរណ៍ខេត្ត និងក្រុងសហការគ្នា ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះ សណ្ដាប់ធ្នាប់ គ្រឿងញៀន និងការស្រវឹងនៅលើតាមដងផ្លូវ ពេលនោះ មានកម្មករសំណង់ធនាគារម្នាក់ បានជិះម៉ូតូអត់ពាក់មួក ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ទាមទារពិន័យ ប៉ុន្តែកម្មករម្នាក់នោះមិនព្រម ក៏បានទាក់ទងទូរស័ព្ទហៅគ្នីគ្នាជាច្រើននាក់ រួមទាំងមេការសំណង់ម្នាក់មកជាមួយផងដែរ ។
ប្រភពដដែល បានបន្ថែមថា មេការសំណង់រូបនេះ បានធ្វើការញុះញង់ឲ្យកម្មករ តដៃជាមួយនឹងសមត្ថកិច្ច ពេលនោះក៏មានកម្មករម្នាក់ បានស្ទុះមកវ៉ៃលើសមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់