ភ្នំពេញៈ កាលពីវេលាម៉ោង ៤និង៥០នាទីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោកតាម្នាក់បានខ្យល់គស្លាប់យ៉ាងអណោចអធ័ម នៅលើចិញ្ចើមផ្លូវខាងមុខហាងលក់វ៉ែនតាមួយកន្លែង នៅក្បែរភ្លើងស្តុបអាងទឹក ផ្លូវព្រះសីហនុ កែងផ្លូវព្រះមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោកតារងគ្រោះឈ្មោះ ឡោះ សាឡេស អាយុ ៨២ឆ្នាំ ជនជាតិខ្មែរឥស្លាម នៅក្រុមទី៨ ភូមិ១១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ
ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីអ្នករត់កង់បីឥណ្ឌា បានឲ្យដឹងថា មុនពេលកើតហេតុ លោកតារងគ្រោះបានជិះរថយន្តឈ្នួលមកពី ខេត្តកំពតហើយមកឈប់នៅចំណុច បេនឡានម៉ុងឌីយ៉ាល់ពេលនោះ គាត់បានបន្តជិះកង់បីឥណ្ឌាទៅម្តុំគីឡូលេខ៧ ចេញបានបន្តិចទំនងជារូបគាត់ខ្យល់មិនស្រួលខ្លួន ប្រាប់ឲ្យឌុបទៅរកកន្លែងកោសជប់ លុះទៅដល់ហាងកោសជប់មួយកន្លែង នៅម្តុំមុខឈូកទិព្វ គាត់មិនបានចូលទេដោយឲ្យបន្តទៅផ្ទះតែម្ដង ហើយបាត់មាត់រហូត ស្រាប់តែងាកក្រោយឃើញលោតាសំយ៉ុងក្បាលចុះក្រោម ហៅក៏មិនឆ្លើយនាំគ្នាឲ្យជួយលើកលោកតាមកក្រោមធ្វើចលនា តែគាត់បានលាចាកលោកនេះទៅហើយ។
ក្រោយពេលកើតហេតុកម្លាំងសម្ថកិច្ចចុះដល់ទីតាំង ហៅរថយន្តដឹកសពមកតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់