ព័ត៌មានជាតិ

ក្របួចមុខសសញ្ញាជួញដូរគ្រឿងញៀនម្នាក់នៅស្រុកកំរៀង

បាត់ដំបងៈ នគរបាលមូលដ្ឋានស្រុកកំរៀងក្របួចជនសង្ស័យពាក់ព័ន្ធជួញដូរគ្រឿងញៀនម្នាក់ កាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញ ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង។

ជនសង្ស័យឈ្មោះ ហ៊ុន កែវ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិដូង,ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការចុះល្បាតក្នុងមូលដ្ឋានខាងលើ កម្លាំងបានកំណត់មុខសញ្ញា និងទទួលបានព័ត៌មានសម្ងាត់ ដែលជនសង្ស័យកំពុងអង្គុយលើគ្រែក្នុងផ្ទះ ពេលឃើញសមត្ថកិច្ចជនសង្ស័យបានរត់ចូលទៅក្នុងផ្ទះយកកញ្ចក់ពណ៌ខៀវបោះចោលក្នុងព្រៃខាងត្បូងផ្ទះ កម្លាំងបានឆែកឆេររកឃើញថ្នាំញៀនយ៉ាម៉ាគ្រាប់ក្នុងបទល្មើសជាក់ស្តែង។

វត្ថុតាងដែលរឹបអូសបានរួមមាន៖ យ៉ាម៉ាគ្រាប់ជាប្រភេទថ្នាំញៀនមេតំហ្វេតាមីនសញ្ញា wy ចំនួន២កញ្ចប់ស្មើនិង១៦០គ្រាប់ ដែលជនសង្ស័យវេចខ្ចប់ក្នុងថង់ផ្លាស្ទិចចែកជា២ថង់បានបោះចោលក្បែរផ្ទះ និងម៉ូតូម៉ាកហុងដារីបែល(ឆ្កែ)១គ្រឿង និងសម្ភារៈវេចខ្ចប់ថ្នាំញៀន១ចំនួនទៀត។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជួញដូរថ្នាំញៀនពិតប្រាកដមែន ដែលថ្នាំញៀននេះខ្លួនបានទិញពីគេមកលក់បន្ត។

បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងអធិការស្រុកកំរៀងកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនមកស្នងការខេត្ត ដើម្បីចាត់ការបន្តទៅតុលាការ៕

មតិយោបល់