មណ្ឌលគីរីៈ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅចំណុចព្រៃខៀវ ភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញ៉ែកបានប្រាប់ឲ្យភ្នាក់ងារយើងដឹងថា ក្នុងរយៈពេលជាងមួយខែមកហើយ ពួកគាត់តែងតែឃើញមានប្រជាជនចំណាកស្រុកមកពីខេត្តផ្សេងគ្នា ក្នុងមួយថ្ងៃៗចាប់ពី ១៥ទៅ២០នាក់បានជិះរថយន្ដ នឹងម៉ូតូ មានអមដោយម៉ាស៊ីនកាត់ឈើ កាំបិត ពូថៅគ្រប់ៗដៃ ចូលមកចំណុចខាងលើ ដូច្នេះ ពួកគាត់មានការងឿងឆ្ងល់ ក៏សួរទៅបុរសម្នាក់ថា ពួកបងមកទីនេះ ដើម្បីធ្វើអ្វី បុរសចំណាកស្រុកឆ្លើយថា មកកាប់ព្រៃដែលខ្ញុំទិញដីពីលោក កែវ វុទ្ធី។
ក្នុងនោះដែរ គេឃើញលោក កែវ វុទ្ធី ចាត់ចែងមនុស្សជំនិតក្រោមឱវាទរបស់ខ្លួនមានគ្នា ៦នាក់ផ្សេងទៀត ដើម្បីឲ្យដើរវាស់វែងដី នឹងកត់ឈ្មោះប្រមូលប្រាក់ពីប្រជាពលរដ្ឋមកពីទីឆ្ងាយនោះ។ បុរសម្នាក់ឈ្មោះ នៅ មាណ អាយុ៥៧ឆ្នាំ ជនជាតិឥស្លាមកពីភូមិអង្គក្រៅ ឃុំដូនតី ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា នៅជំរុំរបស់គាត់មានមនុស្ស ចំនួន១៤គ្រួសារដែលបានទទួលបង្កាន់ដៃកាន់កាប់ដីហៅថា ចុងសន្លឹកគ្រប់គ្នា ដែលមានក្បាលដីទទឹង៥០ម៉ែត្រ×១០០០ម៉ែត្រ លោកបានបង់ប្រាក់ម្នាក់ មួយលានរៀលមុន ដល់ពេលចុះកាប់ បង់ម្នាក់មួយលានរៀលថែមទៀត។
ប្រភពខាងលើបញ្ជាក់ថា មានគ្រួសារខ្លះបង់លុយទៅឲ្យលោក កែវ វុទ្ធី ចាប់ពី៧០០ដុល្លារទៅ១៥០០ដុល្លារ ក៏មានតាមដីមុខ រឺ ដីក្រោយ ចំណែបក្ខពួកជាកូនចៅរបស់ កែវ វុទ្ធី នោះត្រូវបានគេស្គាល់ឈ្មោះថា ទី១-ឈ្មោះហ៊ែល ស្លេះ, ទី២-សេងទូច, ទី៣-ឈ្មោះ ហ៊ាត ស្រី, ទី៤-ឈ្មោះ ដា, ទី៥-ឈ្មោះ វី, ទី៦-ញេះ រ៉ូលី កា កាប់ដី នៅចំណុច(ព្រៃខៀវ ) ភូមិ រវ៉ាក់ ឃុំរយ៉ ស្រុកកោះញ៉ែក មណ្ឌលគីរី ជាប់ព្រំប្រទល់ទឹកដីឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ។
បើតាមសម្តីរបស់លោក ស្រេន ស្លេះ អាយុ៥៨ឆ្នាំ រស់ភូមិខាងលើបានរៀបរាប់ថា ប្រជាជនដែលរស់នៅកាប់រានដីដំបូងមានចំនួន២៥១គ្រូសារ តែមកដល់បច្ចុប្បន្ននេះ ត្រូវបានអាជ្ញាធរចេញដេញពីកន្លែងរស់នៅរបស់ពួកគាត់អស់រយៈពេល២ឆ្នាំមកហើយ។ គាត់បានបន្តថា បើសិនជារដ្ឋដកដីទាំងនេះ យកជាសម្បត្តិរដ្ឋនោះពួកគាត់មិនតូចចិត្តទេ តែផ្ទុយទៅវិញ ដីចំណុចនោះ ត្រូវបានលេចចេញមនុស្សថ្មី មកដើរតួជាមេខ្យល់ កៀរគរប្រជាពលរដ្ឋថ្មីៗមកពីចម្ងាយ ដោយប្រមូលប្រាក់ដាក់ខោប៉ាវខ្លូនឯង រួចចេញលិខិតក្លែងក្លាយបន្លំបោកប្រាស់ប្រជាពលរដ្ឋមកពីខេត្តឆ្ងាយៗមានទៅដល់ ៥៨៩គ្រួសារឯនោះ។
ពួកគាត់បញ្ជាក់ថា ឈ្មោះ កែវ វុទ្ធី នេះកាលពីឆ្នាំទៅក៏ធ្លាប់អាជ្ញាធរខេត្តស្ទឹងត្រែងចាប់ដាក់ពន្ធនាគារម្ដងរួចមកហើយ ដោយសារតែដើរឆរបោកប្រជាពលរដ្ឋ។ ចំណែកលោក ឈួន សិរីវឌ្ឍន៍ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញ៉ែកបានប្រាប់តាមទូរស័ព្ទឲ្យដឹងថា លោកបានទទួលព័ត៌មាននេះដែរ ហើយលោកក៏បានដឹកនាំកម្លាំងចុះទៅរកចាប់បុគ្គលនេះពីរលើកមកហើយ តែដោយសារ ពេលចុះទៅឃាត់ខ្លូន ត្រូវជននេះដឹងខ្លួនមុន ហើយរត់គេខ្លួនបាត់ស្រមោល។ លោក ឈួន សិរីវឌ្ឍន៍ បានបញ្ជាក់ថា ករណីខាងលើនេះ ខ្ញុំនឹងរាយការណ៍ទៅថ្នាក់លើ ដើម្បីមានវិធានការបន្ត និងស្វែងរកការចាប់ខ្លួនឈ្មោះ កែវ វុទ្ធី នេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់