ភ្នំពេញៈ កាលពីវេលាម៉ោង ១និង៤៥នាទីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតលើផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ ២នាក់ ជិះម៉ូតូម៉ាក MSX ពាក់ស្លាកលេខ ភ្នំពេញ 1FM-9265 បើកបរដោយ ឈ្មោះ ស៊ុ ពិសិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ ភ្នាក់ងារដឹកផលិតផល អនឡាញ មានទីលំនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល (ស្លាប់ភ្លាមៗនៅនឹងកន្លែង) រួមដំណើរជាមួយឈ្មោះ ពៅ បញ្ញា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារងរបួសធ្ងន់ ។ ហើយមុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូឌុបគ្នាក្នុងគោលបំណងដឹកផលិតផលឲ្យអតិថិជន ស្ពីកឃ័រ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ឆ្លងផ្លូវពីត្បូងទៅជើង ត្រូវបានរថយន្តកូរ៉េ ដឹកតុកៅអី បើកពីកើតទៅលិចបុក ហើយរថយន្តបើករត់គេចពីកន្លែងកើតហេតុទៅបាត់ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កក្រោយបើករត់គេច ដល់ក្បែរសាលាអាវុធហត្ថកំបូល អ្នកបើកបររត់គេចខ្លួនបាត់ ហើយរថយន្តបង្កម៉ាក កូរ៉េហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2W-1806 ។
ករណីខាងលើត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ ជនរងគ្រោះដឹកបញ្ជូនយកទៅសង្គ្រោះ រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង យកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់