ភ្នំពេញៈ នៅវេលាម៉ោង៤ និង១0នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ ក្បែរហាងស៊ុប (មានមាន) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បុរសរត់កងបីម្នាក់ ត្រូវបានសមត្ថកិច្ចវាយបែកភ្នែក។
ប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុគាត់បើកកង់បីឥណ្ឌា ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើងតាមបណ្ដោយផ្លូវខាងលើ មកដល់មុខសាលាចិន បានចុចស៊ីប្លេ ហៅម៉ូយដែលឈរនៅចិញ្ចើមផ្លូវ ស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ស៊ីវិល ដែលអះអាងថា ខ្លួនជាសមត្ថកិច្ចប៉ូលិស សង្ស័យថា ស្រវឹងស្រាជោគជាំ បានជិះម៉ូតូម៉ាក Yamaha M slaz ពាក់ស្លាកលេខ ភ្នំពេញ 1HO-9210 បានដេញឃាត់ រួចប្រើប្រាស់អំពើហិង្សា ទៅលើគាត់មួយដៃចំ មុខក្រោមភ្នែកខាងឆ្វេង បណ្ដាលឲ្យប៉ោងហើមខៀវ រត់ឲ្យគេជួយ។
ដោយឡែកបុរសដែលជាសមត្ថកិច្ចរូបនោះ បានដេញវាយថែមមិនទាន់ ក៏ទៅវាយកញ្ចក់ម៉ូតូកង់បី បណ្ដាលឲ្យបែកកញ្ចក់ខាងមុខ ហើយស្រែកថា «ឯងស៊ីប្លេឌឺអញ»។
ខណៈនោះអ្នកសារព័ត៌មានមកដល់ ធ្វើការឡាយផ្ដិតយករូបភាព បុរសដែលជាប៉ូលិសព្រហ្មទណ្ឌខណ្ឌដូនពេញ បែរជាមករករឿងប្រមាថ និងគំរាមពាក្យអសុរសជាច្រើនឲ្យប្រយ័ត្នខ្លួនទៀតផង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលបានឲ្យជនបង្ក និងជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់