ព័ត៌មានជាតិ

លាន់ដូចរន្ទះ! ម៉ូតូ ២គ្រឿងបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យយុវជនម្នាក់ ដួលបោលលក្បាលស្លាប់ ក្នុងថ្លុកឈាម នៅក្រុងតាខ្មៅ

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ម៉ូតូមួយគ្រឿង បើកមិនប្រកាន់ស្ដាំ បានរេចង្កូតទៅឆ្វេង ចូលក្នុងគន្លងផ្លូវម្ខាងទៀត បានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត បើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យយុវជនម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង១០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចខាងមុខវិទ្យាល័យហ៊ុនសែនតាខ្មៅ លើកំណាត់ផ្លូវជាតិ២១ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ម៉ង់ សិរី ភេទប្រុស អាយុ២៤ឆ្នាំ មានទីនៅភូមិចេក ឃុំឈើទាល ស្រុកស្វាយរៀង ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាកSUZUKI SMASH V ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CY-7641 ។

ចំណែកអ្នកបើកបរម៉ូតូបង្ក ពុំស្គាល់អត្តសញ្ញាណ រងរបួសបាក់ជើងខាងស្ដាំ បើកបរម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហមគ្មានស្លាកលេខ ។ ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញម៉ូតូបង្ក ម៉ាកសង់កូរ៉េ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីត្បូងទៅជើង បើកដោយល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតមកឆ្វេង ចូលក្នុងគន្លងផ្លូវម្ខាងទៀត បណ្ដាលឲ្យបុកម៉ូតូមួយគ្រឿងទៀត ម៉ាកស៊ុយហ្ស៊ូគីស្មាស់ បើកក្នុងទិសដៅច្រាស់គ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះ ជាអ្នកបើកបរ ម៉ូតូស្មាស់ ដួលបោកក្បាលទៅនឹងផ្លូវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរម៉ូតូសង់កូរ៉េរងរបួសបាក់ជើងស្ដាំ ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសបាក់ជើង ត្រូវបានរថយន្តសាមុយដឹកបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការត្រួតពិនិត្យ វាស់វែង រួចកសាងឯកសារដកហូត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ចាត់ការតាមនីតិវិធីច្បាប់ ។

ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ការសន្និដ្ឋានពីសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ គឺបណ្ដាលមកពីអ្នកបើកម៉ូតូ ម៉ាកសង់កូរ៉េ គ្មានស្លាកលេខ បើកល្បឿនលឿន និងមិនប្រកាន់ស្ដាំ ៕

មតិយោបល់