ព័ត៌មានជាតិ

តុលាការនឹងប្រកាសសាលក្រមសំណុំរឿង លោក ហុង សុខហួរ នៅដើមខែក្រោយ

ភ្នំពេញៈ ក្រោយពីបន្តសវនាការអស់ពេលពេញមួយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំន៊ំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿង លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ទៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ខាងមុខ។

លោក ហុង សុខហួរ ត្រូវបានលោក សៀង សុខ តំណាងអយ្យការ សម្រេចចោទប្រកាន់ពីបទ ក្លែងបន្លំ ឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម យោងតាមមាត្រា ៦២៩ មាត្រា ៦៣០ និង មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធករណគការក្លែងសន្ធិសញ្ញា ព្រំដែនកម្ពុជាវៀតណាម ឆ្នាំ១៩៧៩ ត្រង់ មាត្រា ៤ និងយក ឯកសារក្លែងនោះទៅបង្ហោះលើទំព័រហ្វេសប៊ុករបស់ លោក សម រង្ស៊ី។

នៅក្នុងសវនាការពេញមួយថ្ងៃនេះគឺតុលាការធ្វើការសាកសួរដេញដោលតែលើកម្លាំងសមត្ថកិច្ចដើម្បីដាក់បន្ទុកលើជនជាប់ចោទ ខណៈលោក ហុង សុខហួរ បានស្នើឱ្យតុលាការអញ្ជើញអ្នកជំនាញអំពី សន្ធិសញ្ញា មកពន្យល់អង្គសវនាការ ដើម្បីបង្ហាញនៅការពិត។

ដោយឡែកក្រុមមេធាវីការពារសិទ្ធិឱ្យលោក ហុង សុខហួរ បានថ្លែងសន្និដ្ឋានថា តំណាងអយ្យការបានចោទប្រកាន់កូនក្តីរបស់ពួកគេដោយគ្មានមូលដ្ឋានច្បាប់ និងគ្មានភស្តុតាងគ្រប់គ្រាន់នោះទេ ខណៈដែលតំណាងអយ្យការនៅតែតំកល់ការចោទប្រកាន់ដូចដើម។

គួររំលឹកថា លោក ហុង សុខហួរ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅផ្ទះ របស់លោក យន្ត ថា រ៉ូ អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបន្ទាយមានជ័យ របស់ គណបក្សសង្គ្រោះជាតិ នៅក្នុងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ក្រោយមកលោក ហុង សុខហួរ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនខ្លួន ទៅតុលាការនៅរសៀលថ្ងៃដដែលដើម្បីបន្តនីតិវិធី៕

https://youtu.be/Gz17AwKD7Ls

មតិយោបល់