ព្រះវិហារៈ បែកធ្លាយព័ត៌មានថា លោកវរសេនីយ៍ត្រី សូរ ចាន់ ប៊ុនថង អតីតប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរត់គេចពីដីការបស់តុលាការខេត្តព្រះវិហារ តាមចាប់ខ្លួនពីបទចាប់រំលោភប្រពន្ធគេប្រព្រឹត្តកាលពីឆ្នាំ២០១១ ដែលកាលណោះលោក ម៉ៅ ពៅ ជាស្នងការនគរបាលខេត្តព្រះវិហារ។
សេចក្តីរាយការណ៍ បានឲ្យដឹង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ថា កាលពីជំនាន់លោក ម៉ៅ ពៅ ជាស្នងការនគរបាលខេត្តព្រះវិហារ លោកវរសេនីយ៍ត្រី សូចាន់ ប៊ុនថង នៅបំពេញការងារជាធម្មតា។ ប៉ុន្តែបន្ទាប់ពីថ្នាក់លើធ្វើការផ្លាស់លោក ម៉ៅ ពៅ ទៅកាន់ខេត្តផ្សេងរួចមក គឺឈ្មោះ សូរចាន់ ប៊ុនថង បានរត់គេចខ្លួន ចោលតំណែងប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនតែម្តង។
ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា លោក សូរ ចាន់ប៊ុនថង ហៅក្រៅឈ្មោះ ចាន់ មានស្រុកកំណើតនៅស្រុករវៀង ខេត្តព្រះវិហារ គឺលោកបានរត់គេចខ្លួនទាំងយប់ចេញពីលំនៅដ្ឋាន ខណៈកម្លាំងសមត្ថកិច្ចស្វែងរកចាប់ខ្លួនតាមដីការបស់តុលាការខេត្តព្រះវិហារដល់ផ្ទះរបស់លោក សូរ ចាន់ប៊ុនថង តែម្តង។ តាមការឲ្យដឹងជនសង្ស័យបានរត់គេចខ្លួនតាំងពីឆ្នាំ២០១២ មកម្ល៉េះ។
លោក មាឃ សំអូន ស្នងការរងនគរបាលខេត្តព្រះវិហារទទួលបន្ទុកការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ កក្កដា នេះថា លោកវរសេនីយ៍ត្រីសូរ ចាន់ប៊ុន ថង អតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀន ត្រូវបានអង្គភាពលុបឈ្មោះចេញបាត់ហើយកាលពីឆ្នាំ២០១២ ព្រោះបាត់ខ្លួន មិនឃើញមកធ្វើការនោះទេ។ ពាក់ព័ន្ធដីកាចាប់ខ្លួនលោក សូរ ចាន់ប៊ុនថង ពីបទរំលោភសេពសន្ថវៈ កាលពីឆ្នាំ២០១១ នោះគឺលោកគ្រាន់តែឮថា មានមែនប៉ុន្តែលោកមិនបានឃើញជាក់ស្តែងនោះទេ។
លោក លី លន់ ព្រះរាជអាជ្ញា និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែកក្កដានេះថា លោកមិនបានដឹងពីដីកាចាប់ខ្លួនលោក សូរចាន់ ប៊ុនថងខាងលើនោះទេ ព្រោះកាលណោះលោក កែវ ស៊ីម ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ។
គួរបញ្ជាក់ថា អ្នកសារព័ត៌មានមិនអាចស្រាវជ្រាវស្ត្រីជនរងគ្រោះដែលត្រូវលោក សូរ ចាន់ប៊ុនថង ចាប់រំលោភសេពសន្ថវៈនោះមានឈ្មោះអ្វីនោះទេ ព្រោះសំណុំរឿងព្រហ្មទណ្ឌនេះមានរយៈពេលកន្លងផុតជិត៧ឆ្នាំ មកហើយ រីឯលោក សូរចាន់ ប៊ុនថង ក៏មិនអាចសុំការបំភ្លឺ បានដែរខណៈពេលនេះ ជនសង្ស័យបានរត់គេចមិនដឹងទៅរស់នៅទីណាពិតប្រាកដ៕
មតិយោបល់