ភ្នំពេញៈ មន្រ្តីជំនាញក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបង្ហាញពីគម្រោងកម្មវិធីជំរុញការផលិតកម្មស្បៀងនៅដំណាក់កាលទី១ ដែលនឹងទទួលបានការអនុវត្តជាផ្លូវការ នៅក្នុងខែក្រោយនេះហើយ។
លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភោគាមអនាម័យនៃក្រសួងកសិកម្មបានឲ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងកម្មវិធីជម្រុញផលិតកម្មស្បៀងនៅដំណាក់កាលទី១ របស់ក្រសួងកសិកម្មដែលចំណាយទឹកប្រាក់២០លានដុល្លារអាមេរិក បានបញ្ជូនទៅដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលើការចំណាយផ្សេងៗ លើគម្រោងទាំងមូលសម្រាប់ឆ្នាំ២០១៦ និងឆ្នាំ២០១៨ ។
ប្រធាននាយកដ្ឋានរូបនេះបន្តទៀតថា កន្លងមកក្រសួងកសិកម្មបានរៀបចំកិច្ចប្រជុំជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីរៀបចំយន្តការអនុវត្តគម្រោងខាងលើ ហើយថ្មីៗនេះក្រសួងកសិកម្មបានបញ្ជូនឯកសារទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចរាល់ហើយ ដែលកំពុងតែពិនិត្យវិនិច័្ឆយ ធ្វើការអនុម័ត និងទម្លាក់កញ្ចប់ថវិកាតាមផែនការស្នើសុំ។
មន្រ្តីដដែលបានលើកឡើងទៀតថា គម្រោងកម្មវិធីជម្រុញផលិតកម្មស្បៀងនេះ ទំនងជាអាចដាក់ឲ្យដំណើរនៅកំឡុងខែសីហាឆ្នាំ ២០១៦ ខាងមុខនេះ ព្រោះអ្នកកាន់គម្រោងមិនឲ្យផុតឆ្នាំនោះទេ ត្រូវតែដំណើរការឲ្យបាន។ ដូចនេះគម្រោងមានកម្មវត្ថុច្បាស់លាស់ផ្តោតលើតែពូជស្រូវសែនក្រអូប និងពង្រីកផលិតកម្មស្រូវក្រអូប រួមនឹងការបង្កើនផលិតកម្មបន្លែ ដែលអាចផលិតនៅក្នុងស្រុក ហើយកាត់បន្ថយការនាំចូលបន្លែងពីបរទេស។
សូមបញ្ជាក់ថា តាមរយៈគម្រោងនេះនឹងជម្រុញផលិតកម្មស្រូវក្រអូប និងបន្លែមួយចំនួនជំនួសឲ្យការនាំចូលតាមរយៈការជម្រុញការផលិតពូជស្រូវក្រអូបឲ្យបាន១៥០០០ តោនក្នុង១ឆ្នាំ នឹងបង្កើនការដាំដុះបន្លែឲ្យបានចំនួន៧ម៉ឺនតោននៅឆ្នាំ២០១៨ខាងមុខនេះ៕
មតិយោបល់