ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប កៀររថយន្តបាលែន បណ្តាលឲ្យខូចខាតទាំងសងខាង

ភ្នំពេញ: បុរសជាជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប មួយគ្រឿង បោះពួយយ៉ាងលឿន ហើយព្យាយាមវ៉ាជែង មិនប្រយ័ត្នក៏ជ្រុលទៅកៀរ រថយន្ដមួយគ្រឿង បណ្តាលឲ្យដាច់កញ្ចក់មើលក្រោយមួយចំហៀង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចខាងកើតសណ្ឋគារប្រេស៊ូដង់ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសពីរនាក់ បើកបររថយន្តមួយគ្រឿង ម៉ាកកាម័រីបាលែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-2899 ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវកម្ពុជាក្រោម។

មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក BMWX6 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AE-1099 បើកបរដោយបុរស ជាជនជាតិចិនម្នាក់ មកតាមពីក្រោយស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿន ហើយព្យាយាមវ៉ាជែង ខាងឆ្វេងរថយន្តបាលែន ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅកៀរ ចំកញ្ចក់មើលក្រោយរថយន្តបាលែនចំហៀងខាងឆ្វេង បណ្ដាលឲ្យបែករងការខូចខាត។ ចំណែកឯរថយន្តបង្ករបស់ជនជាតិចិន បានរងការខូចខាតរលត់ថ្នាំរថយន្ដមួយឆ្នូត ចំហៀងខាងស្តាំ។ ហេតុការណ៍នេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ និងឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយភាគីរថយន្តរថយន្តបង្ក ចេញសំណងចំនួន១០០ដុល្លារ ទៅឲ្យភាគីរថយន្តបាទ្បែន ដើម្បីបញ្ចប់រឿង៕

មតិយោបល់