ភ្នំពេញៈ តាមសេចក្ដីរាយការណ៍ព័ត៌មានបឋម នៅវេលាម៉ោង ១០ និង ២០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ ២១៧ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយ រថយន្តក្រទ្បុកស៊ីម៉ង់ត៍ ប៉ះគ្នាជាមួយរថយន្តកាមរីហាយព្រីត ពាក់ស្លាក នគរបាល 2-7234 សង្ស័យជារបស់មន្ត្រីប៉ូលិសក្រសួងមហាផ្ទៃ បើកបរដោយអង្គរក្សម្នាក់ បណ្ដាលឲ្យរងការខូចខាត ប៉ុន្តែមិនមានមនុស្សរងរបួសទេ។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ហើយឲ្យភាគីទាំងពីរធ្វើការចរចាគ្នា។
សូមបញ្ជាក់៖ ករណីខាងលើនេះ ភ្នាក់ងារសារព័ត៌មាន Post News បានយកទូរស័ព្ទថតរូបរថយន្តរបស់មន្ត្រីប៉ូលិស នៅលើផ្លូវសាធារណៈសោះ ស្រាប់តែលោកអង្គរក្ស មានមាឌរាងស្វិតបន្តិច មករារាំងអ្នកកាសែត មិនឲ្យថតស្លាកលេខ និងប្រើពាក្យមិនសមរម្យទៀត ជាពិសេសថែមទាំង បញ្ជាឲ្យមន្ត្រីប៉ូលិសម្នាក់ ទាញដៃអ្នកកាសែតទៅខាង ខ្សឹបប្រាប់ថា ជារថយន្តរបស់មន្ត្រីប៉ូលិសក្រសួងមហាផ្ទៃ ប៉ុន្តែមិនដឹងពាក់ស័ក្ដិ ឬផ្កាយប៉ុន្មានទេ។
ក្នុងនាមអ្នកកាសែត សូមសំណូមពរដល់ថ្នាក់ដឹកនាំ ជួយណែនាំមន្ត្រីអង្គរក្សរូបនេះផង ឲ្យចេះប្រើពាក្យសមរម្យ កុំអាងខ្លួនជាកងកម្លាំង ចង់ធ្វើឲ្យអ្វីតាមតែអំពើចិត្ត មិនខ្លាចញញើតអីសោះ រំលោភសូម្បីតែសិទ្ធអ្នកសារព័ត៌មាន៕
មតិយោបល់