ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រវត្តិល្ខោនខោល ប្រកាសផលិតជាវីដេអូលើកដំបូង

ភ្នំពេញៈ ចាត់ទុកជាព័ត៌មានភ្ញាក់ផ្អើល ដែលផលិតកម្ម Wonder Film Cambodia បានប្រកាសផលិតវីដេអូឯកសារនិយាយពីប្រវត្តិទាំងស្រុងរបស់ល្ខោនខោល ដែលកំពុងក្លាយជាប្រធានក្ដៅនៅក្នុងស្រទាប់មហាជន។ វីដេអូនឹងក្លាយជាប្រវត្តិសាស្រ្តសំខាន់មួយ ដែលនឹងជួយឲ្យកូនខ្មែរកាន់តែស្គាល់ពីល្ខោនខោល និងជួយសិល្បៈរបស់ខ្មែរដ៏ចំណាស់នេះ មិនមានបញ្ហាចោទក្នុងពេលដាក់ស្នើជាសម្បត្តិបេតិកភ័ណ្ឌជាតិ។

លោកសែម វិសាល អ្នកនិពន្ធ និងតំណាងឲ្យផលិតកម្ម Wonder Film Cambodia បានអះអាងថា ផលិតកម្មរបស់លោកបានសម្រេចចិត្តជួយផលិតវីដេអូឯកសារពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តរបស់ល្ខោនខោលកាលពីអតីតឲ្យក្លាយជាឯកសារសំខាន់មួយ។ លោកថាវីដេអូនេះ នឹងមិនត្រូវបានកំណត់នាទីនោះទេ ហើយបើទោះជាមានបញ្ហាលំបាកយ៉ាងណាក៏ដោយ ក៏ផលិតកម្មរបស់លោកនឹងសម្រេចគោលដៅមួយនេះឲ្យបាន ដើម្បីជួយដល់ល្ខោនខោលឲ្យមានមហាជនបានស្គាល់កាន់តែច្រើន។

លោកថានាពេលកន្លងមក មិនសូវមានកូនខ្មែរច្រើនទេ ស្គាល់ពីប្រវត្តិល្ខោនខោល ហើយបណ្ដាលមកពីអ្នកជំនាញល្ខោនខោលខ្លួនឯងក៏មិនមានធនធានក្នុងការផលិតវីដេអូឯកសារណាមួយជារបស់ខ្លួន ទើបដំណើរដើមទងរបស់ល្ខោនខោលមិនសូវជ្រាបខ្លាំងក្នុងស្រទាប់យុវវ័យ។ លោករំពឹងថា វីដេអូដែលលោកប្រកាសផលិតនឹងជួយឲ្យសិល្បៈដ៏ចំណាស់ត្រូវបានគេស្គាល់កាន់តែច្បាស់ជាងមុន ហើយអ្វីដែលលោកសំដៅនោះគឺស្គាល់ដល់ប្រវត្តិរបស់ល្ខោនខោលតែម្ដង ដោយមិនមែនគ្រាន់តែស្គាល់ទម្រង់របស់ល្ខោនខោលដូចពេលកន្លងមកនោះទេ។ លោកមិនទាន់ច្បាស់ថា វីដេអូដែលខ្លួនផលិតនឹងរួចរាល់ពេលណានោះទេដោយសារតែការផលិតវីដេអូឯកសារគឺមានលក្ខណៈស្មុគស្មាញ និងត្រូវធ្វើឲ្យត្រូវនឹងទម្រង់ប្រវត្តិសាស្រ្តដើម។

លោកសែម វិសាល ប្រកាសថា ក្រុមការងាររបស់លោក និងក្រុមល្ខោនខោល ក៏នឹងចាប់ដៃគ្នាស្វែងរកមូលនិធិមួយចំនួនដើម្បីឲ្យការផលិតវីដេអូឯកសារកាន់តែទទួលបានជោគជ័យផងដែរ ដោយសារតែភាពជាក់ស្ដែងគឺទោះជាក្រុមការងារផលិតរបស់លោកស្ម័គ្រចិត្តជួយផលិតដោយមិនគិតថ្លៃ គឺក្រុមស្រាវជ្រាវពាក់ព័ន្ធនឹងល្ខោនខោលផ្សេងទៀត ក៏ត្រូវការការចំណាយដើម្បីឲ្យដល់គោលដៅ។ វីដេអូ នឹងប្រកាសបង្ហោះនៅលើYouTube និងប្រើជាឯកសារសំខាន់ក្រោយពេលផលិតរួច៕

មតិយោបល់