ភ្នំពេញៈ ថ្ងៃរះមិនទាន់ស្រួលបួលផងបុរសវ័យ៣០ឆ្នាំសម្បុរសណ្តែកបាយ បានមកដល់ទីតាំង ដែលគាត់តែងតែយកចេកជាច្រើនស្ទងរបស់គាត់មកលក់។
និយាយប្រកបដោយទឹកមុខញញឹមលោក ជុំ សុកប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិជម្ពូក្អែក សង្កាត់ព្រែកថ្មី សង្កាត់ច្បារំពៅ រាជធានីភ្នំពេញ ដែលជាអាជីវករលក់ចេកនៅម្តុំផ្សារដេប៉ូ ខណ្ឌទួលគោក បានថ្លែងថា “ខ្ញុំក្រោកមកពីផ្ទះតាំងម៉ោង៤ភ្លឺ ហើយមកដល់ទីនេះម៉ោងប្រហែល៥ភ្លឺជារៀងរាល់ថ្ងៃ ដើម្បីយកចេក និងផ្លែឈើមួយចំនួនមកដាក់តាំងលក់លើម៉ូតូនៅតាមចិញ្ចើមផ្លូវនេះ”។
លោកបន្តថា រាល់ថ្ងៃលោកលក់ ចេកណាំវ៉ា និងចេកពងមាន់ ដែលកសិផលនៅក្នុងស្រុក ហើយលលោករកទិញបានពីស្រុកៀនស្វាយ។ ក្រៅពីផ្លែចេក ដែលជាកសិផលក្នុងស្រុក លោកក៏មានលក់ ផ្លែស្វាយសំបកខៀវ(ស្វាយថៃ) ផ្លែក្រូចថ្លុង និងផ្លែល្ហុងទុំ ដែលលោកនិយាយយ៉ាងប្រាកដថា ជាកសិផលនាំចូលពីបរទេស។
ខ្ញុំបានសួរគាត់ថា តើបងលក់ចេកបានមួយស្និតតម្លៃប៉ុន្មាន និងអាចលក់អស់ចេកប៉ុន្មានស្និតក្នុងមួយថ្ងៃ?
គាត់បានឆ្លើយថា “វាអាស្រ័យលើថ្ងៃណា ដែលមានបុណ្យទាន ឬថ្ងៃសីលអាចលក់បានច្រើនជាងថ្ងៃធម្មតា តែបើគិតជាមធ្យម គឺក្នុងមួយថ្ងៃ ខ្ញុំអាចលក់ផ្លែចេកចន្លោះពី១០០ស្និត ទៅ៤០០ស្និត ក្នុងតម្លៃ៣០០០រៀលទៅ៣៥០០រៀលចំពោះចេកណាំវ៉ា ចំណែកចេកពងមាន់គឺតម្លៃពី៨០០០រៀលទៅ៩០០០រៀន។ បើលក់បានច្រើចំណេញច្រើនដែរ អាចក្នុងមួយថ្ងៃចំណេញពី ៥ម៉ឺន ទៅ ២០ម៉ឺនក្នុងមួយថ្ងៃដែរ”។
តបនឹងសំនួរថា តើបងលក់ប៉ុន្មានម៉ោងក្នុងមួយថ្ងៃ?
បុរសវ័យកណ្តាលមានមុខញញឹមមិនដាច់នេះតបថា “អូនអើយបងលក់យ៉ាងយូរតែត្រឹមម៉ោង១១ហ្នឹង គឺអស់ហើយ និងត្រលប់ទៅផ្ទះវិញ រួចរសៀលទៅដើររកទិញចេកអ្នកស្រុកកៀនស្វាយមកទុកលក់ព្រឹកឡើងទៀត”។
យូរៗម្តងខ្ញុំឃើញគាត់យកដៃស្តាំរបស់គាត់ ជូតញើសដែលកំពុងតែហូរពីថ្ងាសធ្លាក់កាត់ផ្ទៃមុខ ដែលមានស្នាមជ្រួញបន្តិចៗរបស់គាត់ ដោយទឹកមុខពោរពេញដោយភាពស្រស់ស្រាយ និងពេញចិត្តជាខ្លាំង។ គាត់បាននិយាយបន្តិចប្រាប់ខ្ញុំថា “ការងារនេះមើលទៅហត់បន្តិចហើយអូន បងត្រូវមកលក់ពីរនាក់ប្រពន្ធ ដោយគ្មានតូបអីទេ បានបងប្រុសស្គាល់គ្នា គាត់ឲ្យដាក់លក់មុខផ្ទះគាត់ ពេលមានអាជ្ញាធរមកយើងឲ្យលុយគេ៥០០រៀលរាល់ៗព្រឹក ដូចនេះគេមិនដេញយើងទេ”។
បងប្រុស ជុំ សុកប្រុស បាននិយាយថា គាត់បានចាប់យកមុខរបរជាអ្នកលក់ចេកនេះជាង១០ឆ្នាំមកហើយ ដោយចាប់ផ្តើពីដើមទុនចំនួនប្រហែលពី២០០ទៅ៣០០ដុល្លារ តែប៉ុណ្ណោះ។ បងបានបន្តថា មុខរបរមួយនេះពិតជាបានជួយគ្រួសាររបស់បងឲ្យមានជីវភាពធូរធារបានមួយកម្រិត បើទោះជាបងមិនអាចក្លាយទៅជាអ្នកមានទ្រព្យស្តុកស្តមយ៉ាងណាក្តី ប៉ុន្តែវាបានជួយកូនៗ៣នាក់របស់បងបានចូលរៀនទាំងនៅសាលារដ្ឋ និងឯងកជនបានដូចប្រជាពលដ្ឋដទៃដែរ។
អាជីវករលក់ចេករូបនេះបាន សំណូមពរឲ្យប្រជាពលរដ្ឋខ្មែរខិតខំបង្កើនការដាំដុះដាំផ្លែឈើឲ្យបានកាន់តែច្រើន ខណៈដែលរាល់ថ្ងៃនេះផ្លែឈើដែលនាំចូលពីក្រៅស្រុកកាន់តែកើនឡើង។
លោកក៏បានអំពាវនាវឲ្យបងប្អូនខ្មែរ ដែលសម្រេចចិត្តចាកចេញពីប្រទេសទៅធ្វើកម្មករនៅបទេស ដែលប្រឈមនឹងគ្រោះថ្នាក់នោះ ងាកមកចាប់យកមុខរបរនៅក្នុងស្រុកវិញ ក៏អាចចិញ្ចឹមជីវភាពគ្រួសារបានដែរ និងអាចរស់នៅក្បែរក្រុមគ្រួសារផងដែរ៕
មតិយោបល់