ព័ត៌មានជាតិ

អ៊ីយ៉ាស់ទាំងព្រឹកហ្មង! ករណីជនសង្ស័យភ្ជង់ចង្កេះប្លន់សិស្សឆ្នើម ចុងក្រោយស៊ីខ្នោះសមត្ថកិច្ច

ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ មានករណីភ្ជង់ប្លន់ នៅបរិវេណវិទ្យាល័យចាក់អង្រែក្រោម ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឡៅ ម៉េងលាង អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអូណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងមានទីលំនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក។
នារីរងគ្រោះឈ្មោះ គង់ រក្សា អាយុ ១៨ឆ្នាំ មុខរបរជាសិស្សជាប់បាក់ឌុបឆ្នាំទី២ ស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា នាងបានជិះម៉ូតូចេញពីផ្ទះទៅសាលា ក្នុងគោលបំណងយកសៀវភៅតាមដាន ទៅដាក់នៅក្រសួងអប់រំយុវជននិងកីឡា ដើម្បីទទួលបានអាហារូបករណ៍ ព្រោះនាងប្រលងជាប់បាននិទ្ទេស “B” ពេលនាងមកដល់ក៏ទាញទូរស័ព្ទបើកមើលឃើញ មិត្តភ័ក្រឆាតប្រាប់ថា ថ្ងៃនិងគ្រូអត់រៀនទេ រួចឡើងជិះម៉ូតូត្រឡប់ទៅវិញ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ យកកាំបិតចុងស្រួចមកភ្ជង់ចង្កេះ ហើយប្រាប់ឲ្យប្រគល់ទូរស័ព្ទ កាបូបលុយ និងម៉ូតូ ស្របពេលនោះពលរដ្ឋបានឃើញស្រែកឆោឡោ ជនសង្ស័យទម្លាក់កាំបិត និងទូរស័ព្ទចោល បម្រុងរត់គេចខ្លួនតែត្រូវ សមត្ថកិច្ចដែលឈរការពារតាម ផ្លូវដេញចាប់ឃាត់ខ្លួនភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ច នាំជនសង្ស័យទៅប៉ុស្តិ៍រដ្ឋបាលចាកអង្រែក្រោម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តទៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដោះស្រាយតាមនីតិវិធីច្បាប់។

សូមបញ្ជាក់៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថា ដោយសារតែខ្លួនទាល់លុយ ទើបធ្វើសកម្មភាពប្លន់ យកទូរស័ព្ទដៃ ម៉ូតូ និងកាបូបលុយរបស់នាង តែមិនបានសម្រេច ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋចាប់ឃាត់ខ្លួន៕

មតិយោបល់