ព័ត៌មានជាតិ

បង្ក្រាបកាណូតទេសចរណ៍លួចដឹកឈើប្រណីតជាង១ម៉ែត្រគូប

កំពង់ឆ្នាំងៈ ឈើប្រណីតប្រភេទធ្នង់ខុសច្បាប់ចំនួន៧សន្លឹកធំៗ ប្រមាណជាង១ម៉ែត្រគូប ត្រូវសមត្ថកិច្ចចម្រុះរួមមាននគរបាលសេដ្ឋកិច្ច និងសមត្ថកិច្ចសង្កាត់រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ស្ទាក់ចាប់បានភ្លាមៗ ក្រោយពីពួកគេព្យាយាមដឹកតាមទូកឆ្លងទន្លេមកឡើងច្រាំងនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នាវេលាម៉ោង៤និង៣៥នាទីល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចចម្រុះបានឲ្យដឹងថា ឈើនេះបានដឹកចេញពីសិប្បកម្មដុះស្លែមួយកន្លែងរបស់ឈ្មោះ ឌៀប តឿង ស្ថិតក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលសិប្បកម្មមួយនេះរកស៊ីតែជាមួយឈើប្រណីតតែប៉ុណ្ណោះ។ ក្រោយពីទទួលបានព័ត៌មានបានពីប្រជាពលរដ្ឋភ្លាមសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច និងសមត្ថកិច្ចរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ក្រោមការបញ្ជាពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានពួនស្ទាក់ចាំនៅត្រើយម្ខាងក្នុងក្រុងកំពង់ឆ្នាំង។ នៅវេលាម៉ោងខាងលើ ឈើប្រណីតទាំង៧សន្លឹកធំៗនេះ ពួកគេបានដឹកតាមកាណូតទេសចរណ៍ពាក់ផ្លាកលេខ ក.ឆ-2541 ជាកាណូតរបស់ឈ្មោះ ហេង សុវណ្ណា នាយកចាត់ការទូទៅនៃផែរទេសចរណ៍ផ្សារក្រោម ត្រូវសមត្ថកិច្ចចាប់បានភ្លាមៗនៅពេលពួកគេដឹកមកដល់ច្រាំង។

ក្រោយពេលចាប់បានម្ចាស់ឈើ និងម្ចាស់កាណូតបានគេចខ្លួនបាត់ភ្លាមៗដែរ បន្សល់ទុកឈើប្រណីត និងកាណូតនៅច្រាំងទន្លេស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំងតែប៉ុណ្ណោះ។

លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងបានឲ្យដឹងថា ឈើទាំង៧សន្លឹក និងកាណូតទេសចរណ៍ដឹកឈើប្រណីតខុសច្បាប់ លោកកំពុងឲ្យសមត្ថកិច្ចជំនាញយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងកសាងសំណុំរឿងបញ្ជូនមកតុលាការ ព្រមទាំងស្រាវជ្រាវរកម្ចាស់ឈើ និងម្ចាស់កាណូត ដើម្បីចំណាត់ការតាមនិតិវិធី។

ចំពោះលោក ហេង សុវណ្ណា ជានាយកចាត់ការទូទៅនៃផែទេសចរណ៍ផ្សារក្រោម និងជាម្ចាស់កាណូតដឹកឈើខុសច្បាប់នេះ មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទមិនចូល។

ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា កន្លងមកគេតែងតែឃើញការចរាចរណ៍ឈើប្រណីតពីស្រុកកំពង់លែងមិនសូវលោះពេលឡើយ ហើយមិនដែលសមត្ថកិច្ចជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ធ្វើការបង្ក្រាបបានឡើយ។ ចំពោះឈើប្រណីតខុសច្បាប់ទាំង៧សន្លឹកខាងនេះ គឺមកពីពួកគេដឹកឆ្លងកាត់ ហើយជូនជំនូនមិនត្រូវ ទើបរាយការណ៍ឲ្យព្រះរាជអាជ្ញា សុំគោលការណ៍ចាប់តែម្តង៕

មតិយោបល់