ព្រះសីហនុៈ មនុស្ស ៣នាក់ បានស្លាប់នៅនឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្ត ៣គ្រឿងបុកប៉ះគ្នា គឺរថយន្តរត់តាក់ស៊ី រថយន្តដឹកថ្ម និងរថយន្តដឹកខ្សាច់ ស្ថិតលើផ្លូវជាតិលេខ៤ ត្រង់ចំណោតអូរត្រាវ ជិតចូលដល់ក្រុងព្រះសីហនុ វេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ។
យោងតាមរបាយការណ៍អង្កេតពីនគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាក STAREX ពណ៌ស ពាក់ស្លាកលេខ កំពត2B-216 អ្នកបើកបរឈ្មោះ សេង ភារៈ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ រត់តាក់ស៊ី នៅភូមិល្បើក ស្រុកឈូក ខេត្តកំពត រួមដំណើរមនុស្ស ០៧នាក់ ( ស្រី ០២នាក់ ) មានទិសដៅពី ខេត្តកំពត ចូលក្រុងព្រះសីហនុ លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវឡើងចំណោត រថយន្តតាក់ស៊ីនេះ បានវ៉ាជែងរថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-0144 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ វ៉ាមិនផុត ក៏ជ្រុលកៀរហើយបុករថយន្តធុនធំ ០១គ្រឿងទៀត ដែលមានទិសដៅផ្ទុយគ្នា គឺរថយន្តម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-1142 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បណ្ដាលឲ្យរថយន្តធុនធំទាំងពីរគ្រឿងបុកផ្ទប់គ្នាតែម្ដង ។
គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០៣នាក់ ភេទប្រុស នៅនឹងកន្លែងកើតហេតុ មិនទាន់ស្គាល់អត្តសញ្ញាណ
សមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
១-អ្នកបើកបររថយន្តធុនធំពាក់ស្លាកលេខ ភ្នំពេញ 3D-0144 ស្លាប់កៀបជាប់ក្នុងរថយន្ត ។
២-អ្នករួមដំណើរលើរថយន្តទេសចរណ៍ ចំនួន ០២នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ចំណែកអ្នកបើកបររថយន្តបង្កបាននាំខ្លួនមកសាកសួរមក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក
រីឯវត្ថុតាងរថយន្ត ០៣គ្រឿង សមត្ថកិច្ចជំនាញ បានចាត់ចែងស្ទូច យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយបន្ត៕
មតិយោបល់