ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន រាជសីហ៍ ទ្បូជីស្ទីក បើកកៀរកិនម៉ូតូសេ១២៥ពីក្រោយ ខ្ទេចមួយកំណាត់ អ្នកបើកបររងរបួសជើងយ៉ាងដំណំ

ភ្នំពេញៈ សំណាងល្អមួយក្នុងមួយពាន់គ្រោះថ្នាក់ បុរសចំណាស់ម្នាក់ និងក្មេងប្រុសម្នាក់ទៀតរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តកុងតៃន័រ សណ្តោងរ៉ឺម៉ក បើកបុកកិនម៉ូតូសេ១២៥ពីក្រោយ ផ្លោងជនរងគ្រោះចេញ កល់ជាប់ម៉ូតូក្រោមកង់រថយន្ត។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចរង្វង់មូលចោមចៅជ្រុងខាងជើង ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ ឈ្មោះ វ៉ន សាត ភេទប្រុស អាយុ៧៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិក្បាលំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។
ដំណើររឿង៖ មុនកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1I-2024 ឌុបចៅប្រុសម្នាក់ អាយុ១៤ឆ្នាំ ធ្វើដំណើរចេញពីផ្ទះ ក្នុងបំណងទៅមើលទឹកស្រែ នៅម្តុំផ្លូវជាតិលេខ៣ ខាងត្រាំខ្នា ស្រុកគងពិសី ធ្វើដំណើរពីកើតទៅលិច ដល់ចំណុចខាងលើ ត្រូវបានរថយន្តកុងតៃន័រ សណ្តោងរ៉ឺម៉ក ពណ៌បៃតង លឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-5727 បើកស្របទិស ជ្រុលមកបុកកិនម៉ូតូពីក្រោយ បណ្តាលឲ្យរងរបួស២នាក់តានិងចៅ អ្នកបើកបររថយន្ត ចុះរត់គេច ត្រូវបាននគរបាលចរាចរណ៍ក្រុង ប្រចាំគោលដៅខាងលើ រត់ចែកជើងគ្នាដេញស្ទាក់ចាប់ឃាត់បាន ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិមកយកទៅពេទ្យ ចំណែករថយន្តបង្ក និងម៉ូតូ ត្រូវបាននគរបាលយកដាក់កៀនខាង ដើម្បីបញ្ជៀសការកកស្ទះ និងប្រគល់ជំនាញ យកទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់