ព័ត៌មានជាតិ

អាជ្ញាធរ FBI បាន​ចេញសេចក្តីប្រកាសឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់ QR កូដ

QR កូដ (Quick Response) គឺជាបច្ចេកវិទ្យាដែលអាចឱ្យលោកអ្នកស្កេនរូបភាពកូដ ដើម្បីចូលទៅកាន់គេហទំព័រ ទាញយកកម្មវិធី បើកទីតាំង ឬធ្វើការផ្ទេរប្រាក់បានយ៉ាងឆាប់រហ័ស។ ការប្រើប្រាស់ QR កូដត្រូវបានកើនឡើងខ្លាំងក្នុងរយ:ពេលពីរឆ្នាំចុងក្រោយ ដោយសារតែទាំងអាជីវករនិងអ្នកប្រើប្រាស់បានងាកមកប្រើបច្ចេកវិទ្យានេះដើម្បីចៀសវាងពីការប៉ះពាល់ដោយផ្ទាល់។

ទោះជាយ៉ាងណាក្ដី អាជ្ញាធរ FBI សហរដ្ឋអាមេរិកបានធ្វើការផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នព្រោះជនខិលខូចកំពុងទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ ដោយប្រើ QR កូដក្លែងក្លាយដែលភ្ជាប់ទៅនឹងគេហទំព័រដែលមានមេរោគ ដើម្បីលួចទិន្នន័យផ្ទាល់ខ្លួន ដែលអាចឱ្យពួកគេប្រើព័ត៌មានទាំងនោះដើម្បីលួចផ្ទេរលុយចេញពីគណនីរបស់ជនរងគ្រោះ។ ពេលខ្លះទៀតជនខិលខូចអាចបង្កប់មកជាមួយនូវតំណភ្ជាប់ទៅគេហទំព័រក្លែងក្លាយដែលស្នើសុំឱ្យអ្នកប្រើប្រាស់វាយបញ្ចូលឈ្មោះសម្គាល់និងលេខសម្ងាត់ ដែលអាចឱ្យពួកគេលួចចូលទៅក្នុងគណនីទាំងនោះបាននៅពេលក្រោយ។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្ននៅពេលស្កេន QR កូដណាមួយ ដោយពិនិត្យមើលអាសយដ្ឋានរបស់គេហទំព័រឱ្យបានជាក់លាក់ ព្រោះជនខិលខូចតែងតែបង្កើតឈ្មោះគេហទំព័រក្លែងក្លាយដែលស្រដៀងគ្នាទៅនិងគេហទំព័រពិតប្រាកដ។ ម្យ៉ាងវិញទៀតលោកអ្នកគួរតែចៀសវាងទាញយកកម្មវិធីតាមរយ: QR កូដដែលលោកអ្នកទទួលបានតាមរយ:សារ ឬអុីមែល។ លោកអ្នកគួរតែធ្វើការទាញយកកម្មវិធីតែពីក្នុងកម្មវិធីផ្លូវការរបស់ក្រុមហ៊ុនទូរសព្ទមានដូចជា App Store និង Play Store ជាដើម៕

ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

A woman holding a smartphone accessing a QR code

មតិយោបល់