ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាក បុកស្ត្រីវ័យចំណាស់ម្នាក់ កំពុងរុញធុងការ៉េមកីពីក្រោយអូសជាច្រើនម៉ែត្រ ស្លាប់មួយរំពេច

ភ្នំពេញ: ស្ត្រីវ័យចំណាស់ម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីគាត់រុញធុងការ៉េមកីសុខៗ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកពីក្រោយអូសជាច្រើនម៉ែត្រ រួចរថយន្តបង្កបើកគេចបាត់ស្រមោល។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៧ និង៣០នាទីយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សពរងគ្រោះខាងលើឈ្មោះ ម៉ុក សារ៉ន ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបលក់ការ៉េមកី ស្នាក់នៅបន្ទប់ជិតផ្លូវរថភ្លើង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិព្រែលោក ឃុំព្រែស្ដី ស្រុកកោះធំ ខេត្តកណ្ដាល និងប្ដីឈ្មោះ ប៉ោក ឃឿន ស្នាក់នៅជាមួយគ្នា។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញរថយន្តមួយគ្រឿង មិនចាំម៉ាក ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកស្ត្រីម្នាក់ កំពុងរុញធុងការ៉េមកីចំពីក្រោយពេញទំហឹង អូសធុងការ៉េម និងស្ត្រីរងគ្រោះជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ហើយរថយន្តបង្កមិនព្រមឈប់ទទួលខុសត្រូវនោះទេ ព្យាយាមបន្ថែមល្បឿន បើករត់គេចដោយសុវត្តិភាព បន្សល់ទុកសពជនរងគ្រោះស្លាប់គួរឲ្យរន្ធត់ជាទីបំផុត។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ បានចុះធ្វើកំណត់ហេតុ រួចប្រគល់សព ឲ្យក្រុមគ្រួសារ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់