ភ្នំពេញៈ លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភានិងអធិការកិច្ច បានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាមន្ត្រីរាជការចំណុះ របស់រាជធានីភ្នំពេញទាំងអស់ យើងមិនមែនជានាម៉ឺន របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែយើងជាមន្ត្រីរាជការមួយ ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការបំរើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ គ្រប់រូបនៅក្នុងមូលដ្ឋាន។
លោកស្រីឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ កាលពីរសៀលថ្ងៃទី២៤ សីហា នៅក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារឆមាសទី១ និងទិសដៅបន្តរបស់ ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន រាជធានី ដែលបានធ្វើឡើង នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកប៉ា សុជាតិវង្ស អភិបាលរាជធានី និងមន្ត្រីថ្នាក់មូលដ្ឋានទាំង១២ខណ្ឌ រាប់រយនាក់ផងដែរ ។
លោកស្រីឧបនាយករដ្ឋមន្ត្រីបានបន្តថា ប្រជាពលរដ្ឋពាក់ព័ន្ធនឹងជីវភាព និងការរស់នៅរបស់ពួកគាត់ គឺពួកគាត់ចង់ បាន២ចំណុចសំខាន់ ក្នុងនោះទី១គឺតម្រូវការចាំបាច់របស់ពួកគាត់ ដាច់ខាត់យើងត្រូវតែជួយពួកគាត់ ឲ្យខានតែបាន និងទី២ ការស្នើសុំរបស់ពួកគាត់ចង់បានអ្វីមួយ ។ ការស្នើសុំនេះបើយើងនៅថ្នាក់មូលដ្ឋាន អាចឆ្លើយតបទៅនឹង ការស្នើសុំនោះបាន គឺយើងត្រូវតែឆ្លើយតបនិង ផ្តល់ជូនពួកគាត់ភ្លាម ។ ប៉ុន្តែបើយើងជួយមិនបាន ឬហួសពីសមត្ថភាព របស់យើង យើងក៏មិនត្រូវទុកការស្នើសុំ របស់ប្រជាពលរដ្ឋចោលនោះដែល គឺត្រូវរាយការណ៍ ជូនថ្នាក់ជាតិ ដើម្បីឲ្យថ្នាក់ជាតិ សម្រេចនិងចុះមកជួយប្រជាពលរដ្ឋ តបទៅនឹងការស្នើសុំនេះបន្តទៀត។
លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមថ្នាក់ជាតិនឹងសហការ យ៉ាងពេញទំហឹងជាមួយ អាជ្ញាធរ រាជធានីភ្នំពេញ ដើម្បីដោះស្រាយកង្វល់និង ការលំបាកជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឲ្យ ប្រជាពលរដ្ឋ មានទំនុកចិត្តមកលើ ក្រុមការងារយើង មួយកម្រិតទៀត។
លោកប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងថា សម្រាប់រដ្ឋបាល រាជធានីភ្នំពេញ បានធ្វើការងារច្រើនណាស់ ក្នុងការអភិវឌ្ឍន៍ រាជធានីភ្នំពេញ ក្នុងនោះយើងដាក់បណ្តាញលូ សរុបបានប្រវែង២០០គីឡូម៉ែត្រ ការកសាង ស្ថានីយ៍បូមទឹក ជាច្រើនកន្លែង ដើម្បីរំដោះការ លិចលង់ នៅក្នុងរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងការងារនេះ លោកប៉ា សុជាតិវង្ស ក៏ បានបញ្ជាក់ផងដែរថា មុននេះបន្តិចនៅពេលមាន ភ្លៀងធ្លាក់ម្តងៗ ប្រព័ន្ធទំនាក់ទំនងសង្គមហ្វេកបុក បានវាយប្រហារ មកលើអាជ្ញាធរ រាជធានីយ៉ាងខ្លាំង ដោយសារតែភ្នំពេញ បានទទួល ការលិចលង់ ដោយជំនន់ទឹកភ្លៀង ។ ប៉ុន្តែមកដល់ពេលនេះ ពោលគឺក្រោយពីយើងបានដាក់ បណ្តាញលូមេធំៗ ជាច្រើនខ្សែមក ការលិចលង់ ត្រូវបានកាត់បន្ថយពីការលិច ជាច្រើនម៉ោង មកត្រឹម២០នាទីយ៉ាងយូរ ទឹកក៏បានហូរចូលលូអស់ ដោយហេតុនេះ ហើយការវាយប្រហារត្រូវបានកាត់បន្ថយ ។
លោកអភិបាលបន្តថា អ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋ អាជ្ញាធររាជធានីភ្នំពេញ តែងតែចុះជួយពួកគាត់ជានិច្ច ហើយអ្វីដែលជាការស្នើសុំ របស់ប្រជាពលរដ្ឋ យើងក៏បានឆ្លើយតបភ្លាមៗផងដែរ បើការស្នើសុំនោះយើងមានលទ្ធភាព អាចជួយបាន តែបើជួយមិនបានយើង ក៏មិននៅ ស្ងៀមដែរ គឺនៅបន្តធ្វើរបាយការណ៍ សុំទៅថ្នាក់លើបន្តទៀត ។ លោកបន្តទៀតថា ចំពោះទិសដៅខាងមុខ ក្នុងនាមអាជ្ញាធរាជធានី នឹងបើកវេទិការ សាធារណៈជាប្រចាំ ដើម្បីបានដឹងពីកង្វល់និងការចង់បាន របស់ប្រជាពលរដ្ឋជាក់ស្តែង ៕
មតិយោបល់