ព័ត៌មានជាតិ

Update៖ កំសត់ណាស់! គ្មានឪពុកហៅតាំងពីតូច ម្ដាយលោតទឹកសម្លាប់ ព្រោះជំងឺមើលមិនជា ទើបរកសពឃើញ សូម្បីតែលទ្ធភាពដឹកសព យកទៅធ្វើបុណ្យនៅស្រុកក៏គ្មាន….

ភ្នំពេញៈ នៅវេលាម៉ោង១ និង ២០នាទីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ ស្ត្រីម្នាក់ ដែលបានធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន កាលពី២ថ្ងៃមុនលើស្ពានជ្រោយចង្វារនោះ ពេលនេះ ត្រូវបានគេប្រទះឃើញសព អណ្តែតទឹកទន្លេមេគង្គក្រោម ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះ ហេន នាថ អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

ប្រភពពីកូនស្រីជនរងគ្រោះ បានឲ្យដឹងថា ម្តាយខ្លួនមានជំងឺមហារីកសុដន់ធ្ងន់ធ្ងរ មិនអាចព្យាបាលជា ទើបគាត់មានអារម្មណ៍ថាអស់សង្ឃឹមក្នុងជីវិត ហើយក៏សម្រេចបញ្ចប់ជីវិត ដោយការលោតទឹកសម្លាប់ខ្លួនបែបនេះ។

សាកសពស្ត្រីរងគ្រោះ ក្រោយស្រង់ទ្បើងគោក សមត្ថកិច្ចជំនាញ បានធ្វើការពិនិត្យវិច័យ រួចប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់៖ កូនស្រីជនរងគ្រោះ មានអាយុ ២៣ ឆ្នាំ មុខរបរ អ្នករត់តុនៅភោជនីយដ្ឋាន ចិនមួយកន្លែង ស្នាក់នៅផ្ទះជួលម្ដុំវេងស្រេង ពុំមានឪពុកនោះទេ គឺកំព្រាតាំងពីតូចមកម្ល៉េះ ឥទ្បូវត្រូវមកព្រាត់ប្រាស់ម្ដាយម្នាក់ទៀត ពិតជាកំសត់ណាស់ ណាមួយដោយសារជីវភាពខ្វះខាត ពុំមានលទ្ធភាពដឹកសពម្ដាយ យកទៅធ្វើបុណ្យនៅស្រុកកំណើតនោះទេ សម្រេចយកទៅតម្កល់ ធ្វើបុណ្យនៅវត្តច្បារអំពៅ៕

មតិយោបល់