ព្រះសីហនុៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ជនសង្ស័យ២នាក់ ជាជនជាតិចិនប្រុសស្រី និងជនសង្ស័យ២នាក់ទៀត បានរត់គេចខ្លួនបាត់ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទីព្រឹក នៅចំណុចរង្វង់មូលតោ២ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
តាមរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់រួមមាន ៖
១-ឈ្មោះ DU QIANG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន(គ្មាន) ស្នាក់នៅ មិនពិតប្រាកដ ។
២-ឈ្មោះ CHEN MI XIANG ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិក KTV លិខិតឆ្លងដែន(គ្មាន)ស្នាក់នៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ WU QINGWEI ភេទប្រុស អាយុ៤១ឆ្នាំ ត្រូវជនសង្ស័យបាញ់ចំនួន២គ្រាប់ (មួយគ្រាប់ចំកំភួនជើងខាងស្តាំធ្លាយ និងមួយគ្រាប់ទៀតចំលើដោះខាងឆ្វេងធ្លាយ ) ។
វត្ថុតាងចាប់យកបានរួមមាន ៖ សំបកគ្រាប់ចំនួន២គ្រាប់ ប្រភេទ ៩mm (នៅក្នុងរថយន្ត), គ្រាប់កាំភ្លើងចំនួន២គ្រាប់ ប្រភេទ ៩mm (នៅក្នុងរថយន្ត), ម្សៅក្រាម ពណ៌ស ២កញ្ចប់តូច សង្ស័យជាសារធាតុញៀន (នៅក្នុងរថយន្ត), រថយន្តម៉ាក Mitsubishi ពណ៌ប្រផេះ ពាក់ស្លាកលេខៈ ភ្នំពេញ 2AJ-8653 ។
តាមរបាយការណ៍បានឲ្យដឹងថា តាមចម្លើយសារភាព បឋមរបស់ជនសង្ស័យ បានអោយដឹងថា ៖ ក-ករណីទី១ នៅថ្ងៃទី០៥.១០.២០១៩ វេលាម៉ោង២៣ និង៥០ នាទី ពួកគេទាំង៣នាក់ បានធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ នៅក្នុងហាងលក់ខោអាវយីហោរ ហូលីវ៉ូត ដែលមានទីតាំងស្ថិតនៅមហោ ស្រពចាស់ ស្ថិតក្នុងភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ហើយពួកវាបានចាប់ចងដៃជនរងគ្រោះ ជាជនជាតិចិន ភេទស្រី មកខាង ក្រោយដោយប្រើខ្សែរិត(ស៊ីល) និងបានយកខ្សែក្រវាត់ ព្រមទាំង ក្រណាត់ទៅចងមាត់ជនរងគ្រោះកុំអោយស្រែក រួចយកទៅឃុំទុកនៅជាន់ទី៣ យកលុយអស់ចំនួន ២,០០០$ រួចគេចខ្លួន ។
ខ-ករណីទី២ នៅថ្ងៃទី០៦.១០.២០១៩ វេលាម៉ោង៧ និង៣០នាទី ពួកវាទាំង៣នាក់ដដែល បានណាត់ជនជាតិចិនម្នាក់ (ជនរងគ្រោះដែលបានស្លាប់) មកជួបក្នុងគោលបំណងចាប់ជំរិត លុះពេលជន រងគ្រោះចូលដល់ក្នុងរថយន្ត ពួកវាក៏យកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះ មិនអោយកម្រើក តែដោយជនរងគ្រោះរើបម្រាស់ខ្លាំងពេក ពួកវាក៏បាញ់ជនរងគ្រោះ ១គ្រាប់ ចំកំភួនជើងខាងស្តាំធ្លាយ ពេលនោះជនរងគ្រោះរឹតតែរើបម្រាស់ខ្លាំងឡើងថែមទៀត ទើបពួកវាបាញ់ជនរងគ្រោះ ១គ្រាប់ទៀត ចំលើដោះខាងឆ្វេងធ្លាយ បណ្តាលអោយស្លាប់នៅក្នុងរថយន្ត ។
បន្ទាប់មកពួកវាបានទម្លាក់សពជនរងគ្រោះចោលតាមផ្លូវ រួចបើករថយន្តគេចខ្លួន ដល់ចំណុចផ្លូវចូលវត្តក្រោម ក៏ផ្លុងទុករថយន្តចោលនៅទីនោះ រួចចែកផ្លូវគ្នារត់គេចរៀងៗខ្លួន ។
សន្និដ្ឋានរបស់សមត្ថកិច្ច ៖ ជាក្រុមជនប្រដាប់អាវុធ (ប្លន់ និងចាប់ជំរិត) ។
ចំពោះករណីនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងតាមរកចាប់ខ្លួនបក្ខពួក និងបន្តនីតិវិធីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ៕
មតិយោបល់