បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា យុវជនម្នាក់ បានបាត់បង់ជីវិតភ្លាមៗ ក្នុងថ្លុកឈាម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបើកម៉ូតូបុករថយន្តពីក្រោយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី0៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៨និង១០នាទីយប់ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះបង្គោល ខ្សែភ្លើងលេខ០៤២៥-០៤២៦ ស្ថិតនៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ ជនរងគ្រោះមានឈ្មោះ សារួម ណុង ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិខ្ញែរ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ បើកបរម៉ូតូម៉ាក Kavasaki Z.250 សេរីឆ្នាំ២០១៦ ពណ៌ទឹកក្រូច មានពាក់មួកសុវត្ថិភាព។
លោកអធិការបានបញ្ជាក់ថា ៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើកបរម៉ូតូមកពីទិសខាងកើតទៅខាងលិច មានល្បឿនលឿន ពេលមកដល់ចំណុច កើតហេតុ ត្រង់ចំណុចចន្លោះបង្គោល ខ្សែភ្លើងលេខ០៤២៥.០៤២៦ ស្ថិតនៅភូមិព្រៃមាន់ ឃុំរហាល បានបុករថយន្ត១គ្រឿង ពីក្រោយមិនស្គាល់អត្តសញ្ញាណពេញទំហឹង បើកស្របទិសគ្នាពីកើតទៅលិច បណ្តាលឲ្យបែកមួក សុវត្ថិភាព បោកក្បាលទៅនឹងរថយន្តស្លាប់ភ្លាមៗមួយរំពេច។
ចំណែកម៉ូតូរងនូវការខូចខាតផ្នែកខាងធ្ងន់ ចំពោះរថយន្តក្រោយពីកើតហេតុ បានបើកគេចខ្លួនបាត់ស្រមោល ។ សពជនរងគ្រោះ ត្រូវបានកម្លាំងនគរបាល ជំនាញប្រគល់ជូនក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច៕
មតិយោបល់