ព័ត៌មានជាតិ

ចិន និងរុស្ស៊ីចេញមុខជំរុញជាថ្មីឱ្យ UN ដកទណ្ឌកម្មសេដ្ឋកិច្ចពីកូរ៉េខាងជើង

(ញូយ៉ក)៖ ចិន និងរុស្ស៊ីកំពុងជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង ដោយគាស់រំលឹកឡើងវិញ នូវចេតនារបស់ពួកគេកាលពីឆ្នាំ២០១៩ ក្នុងដកបម្រាមលើការនាំចេញរូបចម្លាក់ អាហារសមុទ្រ និងវាយនភណ្ឌរបស់កូរ៉េខាងជើង មុននឹងឈានទៅដល់
អនុញ្ញាតលើការនាំចូលប្រេងទៅកាន់កូរ៉េខាងជើងជាដើម។

ចិន និងរុស្ស៊ីចង់ឲ្យសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខដកទណ្ឌកម្មទាំងនោះ ដើម្បីជាការបោះជំហានទៅរកការជួយសង្គ្រោះ ជីវភាពរស់នៅនៃប្រជាជនកូរ៉េខាងជើង ខណៈទណ្ឌកម្មអូសបន្លាយពីអន្តរជាតិ និងគ្រោះធម្មជាតិប៉ុន្មានឆ្នាំជាប់ៗគ្នា បាននិងកំពុងធ្វើឲ្យកូរ៉េខាងជើង ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ រីឯប្រជាជនរាប់លាននឹងប្រឈមមុខគ្រោះអត់ឃ្លាន។

កូរ៉េខាងជើង បានរងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិតាំងពីឆ្នាំ២០០៦ មកម្ល៉េះ ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីល។ សេចក្តីព្រាង ដំណោះស្រាយដោយចិន និងរុស្ស៊ីនេះ ក៏រួមបញ្ចូលនូវវិធានការផ្សេងៗទៀត ដែលស្នើឡើងដំបូងដោយរុស្ស៊ី និងចិនកាលពីឆ្នាំ ២០១៩ រួមទាំងការដកបម្រាមលើជនជាតិកូរ៉េខាងជើង ដែលធ្វើការនៅបរទេស និងការលើកលែងទណ្ឌកម្មលើ គម្រោងសហប្រតិបត្តិការផ្លូវដែកអន្តរកូរ៉េផងដែរ៕

ប្រភព៖​​​​​​ Reuters

មតិយោបល់