ព័ត៌មានជាតិ

ហិង្សាជាអំពើខុសច្បាប់! ផឹកចំស្រាកាច ដេញវាយ ម្ដាយបង្កើត និងប្រពន្ធ ផ្អើលដល់សមត្ថកិច្ច

កណ្ដាលៈ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤និង០០នាទី មានករណីហិង្សាមួយកើតឡើង ត្រង់ចំណុចភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះទី១/ឈ្មោះ ស៊ិន ចរិយា ភេទស្រី អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីពេទ្យចូលនិវត្តន៍ (ជាម្តាយបង្កើត) និង២.ឈ្មោះ កែ ស្រីពៅ ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ(ជាប្រពន្ធ)។ ជនសង្ស័យឈ្មោះ ទេយ្យ សុវណ្ណដារ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ជាប្តី)។
អ្នកទាំង៣រស់នៅភូមិ/ឃុំខាងលើ។

ដំណើររឿង៖ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង០០នាទី ជនសង្ស័យ បានផឹកស្រាស្រវឹង ជេរប្រមាថលើប្រពន្ធ និងយកដំបងឬស្សី ដេញវាយជនរងគ្រោះ តែមិនបានសម្រេច ដោយជនរងគ្រោះ គេចទៅក្រុងតាខ្មៅ។ លុះដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១០ និង៣០នាទី ប្រពន្ធនិងម្តាយក្មេក ត្រឡប់ពីក្រុងតាខ្មៅវិញ ខណៈវេលាកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹង ជេរប្រមាថលើម្តាយ និងប្រពន្ធ ព្រមទាំងយកដំបងឬស្សីដេញវាយអ្នកទាំង២ ប៉ុន្តែជនរងគ្រោះរត់គេចចេញ ជនសង្ស័យក៏យកដំបងឬស្សី វាយលើសម្ភារៈនៅមុខផ្ទះមាន បង្គោលរបង និងវត្ថុផ្សេងៗទៀត។

ក្រោយកើតហេតុ ម្តាយ និងប្រពន្ធជនសង្ស័យ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកអំពិល ឲ្យជួយចុះអន្តរាគមន៍។

ក្រោយទទួលបានបណ្ដឹង សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី។

បញ្ជាក់៖ កន្លងមកជនសង្ស័យ តែងតែផឹកស្រាស្រវឹង រករឿងជេរប្រមាថ គំរាមលើម្តាយបង្កើត និងប្រពន្ធខ្លួនជាច្រើនលើកមកហើយ៕

មតិយោបល់