ព័ត៌មានជាតិ

ឡានស្ទូចបន្ថយល្បឿនបត់ស្ដាំ ត្រូវរថយន្តក្រុមហ៊ុនកាពីតូលវីអាយភីបុកពីក្រោយគាប អ្នករួមដំណើររងរបួសធ្ងន់ស្រាល ៤នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦អា មុខបុរី ប៉េង ហួត ដឺស្ដារមុនីរ៉ាហ៍ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្ត។

យោងតាមប្រភពពត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស្ទូចធន់ធំមួយគ្រឿង ពណ៌សលាយបៃតង អត់មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ6A ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម ស្របទិសគ្នាជាមួយរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន កាពីតូលម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាក ភ្នំពេញ 2AC-0590 ដឹកឥវ៉ាន់ផ្ញើពេញរថយន្ដ និងមានអ្នករួមដំណើរចំនួន ៥នាក់ ក្នុងនោះមានអ៊ំស្រីចាស់ម្នាក់។

ប្រភពដដែលបានបន្តទៀតថា ខណៈពេលរថយន្តស្ទូចធ្វើដំណើរមកដល់មុខបុរីប៉េងហួតកន្លែងកើតហេតុ ក៏បន្ថយល្បឿនគោលបំណងបត់ស្ដាំចូលក្នុងបុរីភ្លាមៗនោះរថយន្តដឹកឥវ៉ាន់ និងអ្នកដំណើរក្រុមហ៊ុនកាពីតូល ធ្វើដំណើរស្របទិសគ្នាពីក្រោយមកក្នុងល្បឿនលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្នក៏បុកផ្ទប់រថយន្ដស្ទូចពីក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តក្រុមហ៊ុនកាពីតូលរួញស្រុញមួយកំណាត់គាបអ្នករួមដំណើរប្រុសស្រីចំនួន ៤នាក់ រងរបួសធ្ងន់ស្រាល។ ចំណែកអ្នកបើកបររបួសស្រាលក៏បានគេចខ្លួនបាត់ស្រមោល នេះបើតាមការបញ្ជាក់របស់ជនរងគ្រោះដែលធ្វើដំណើរក្នុងរថយន្តក្រុមហ៊ុនកាពីតូលនោះ។ រីឯអ្នកបើកបររថយន្តស្ទូចក៏គេចខ្លួនបាត់ស្រមោលដូចគ្នា។

ក្រោយកើតហេតុជនរងគ្រោះគាបជាប់ក្នុងរថយន្ត ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងហៅរថយន្ដសង្គ្រោះបន្ទាន់ មកជួយសង្គ្រោះនិងទាញចេញពីរថយន្ដដឹកទៅព្យាបាលរបួសភ្លាមៗ នៅសល់តែរថយន្តទាំងពីរគ្រឿង ត្រូវសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់