ព័ត៌មានជាតិ

ដំរីឈ្មោល១ក្បាលឆ្លងដែនមកពីប្រទេសថៃសង្ស័យចុះប្រេង អុកឡុកប៉ុស្តិ៍ត្រួតពិនិត្យកម្ពុជា ផ្អើលសមត្ថកិច្ចរត់ជាន់ជើងគ្នាទាំងកណ្ដាលយប់

បាត់ដំបងៈ នៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ មានករណីដំរីឈ្មោល១ក្បាល ឡើងពីទឹកដីថៃឆ្លងចូលច្រកទ្វារតំបន់៤០០ ស្រុកសំឡូត ហើយបានកាច់បំបាក់បារ៉ាស់ប៉ុស្តិ៍ត្រួតពិនិត្យខាងភាគីកម្ពុជា ខណៈបារ៉ាស់ខាងភាគីថៃបានលើកផុត ដោយសារបានដឹងមុនពេលសត្វដំរីដើរសំដៅមក។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា សត្វដំរីព្រៃមួយក្បាលនោះ បានដើរមកពីទឹកដីថៃតាមដងផ្លូវ
ពេលយប់ឡើង ឆ្ពោះមកកាន់ប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារតំបន់៤០០ ទំនងសត្វដំរីព្រៃឈ្មោលដ៏ធំ១ក្បាលនោះ ចុះប្រេងផងទើបបានមកអុកឡុកប៉ុស្តិ៍យាមបែបនេះ ដោយឡែកពេលនោះទាហានខាងភាគីថៃ បានលើកបារ៉ាស់ផុតហើយនាំគ្នារត់ចេញពីក្នុងប៉ុស្ដិ៍ យាម រីឯខាងភាគីកម្ពុជាមិនបានដឹងមុន ហើយមិនបានលើកបារ៉ាស់ ក៏ត្រូវសត្វដំរីនោះទាញកាច់បំបាក់ខូចខាតអស់ ។
កាលពីប៉ុន្មានថ្ងៃមុននេះ មានសត្វដំរីព្រៃមួយហ្វូងបានបំភ្លេច បំផ្លាញផលដំណាំរបស់ពលរដ្ឋថៃអស់ជាច្រើន។ ហើយគេសង្ស័យថា សត្វដំរីឈ្មោលមួយក្បាល ដែលចូលវាយប្រហារប៉ុស្តិ៍ត្រូតពិនិត្យច្រកទ្វារព្រំដែន៤០០នេះ គឺជាក្រុមហ្វូងដំរីនោះដែរ។

បញ្ជាក់៖ ទាំងខាងភាគីថៃ ទាំងខាងភាគីកម្ពុជា ដែលដេកយាមប៉ុស្តិ៍ច្រកទ្វារ៤០០ ខាងលើនេះ បានរត់ព្រាតពេលដំរីចូលអុកឡុក​ ប៉ុន្តែយ៉ាងណា សត្វដំរីចុះ ព្រេងមួយក្បាលនោះ មិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ក្រោយបង្ករួចក៏វិលត្រឡប់ចូលទឹកដីថៃចូលព្រៃបាត់ទៅ៕

មតិយោបល់