ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុន «ថាវរះ» បើកលឿនដូចហោះ ទៅបុករថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យក្រឡាប់លើលោកយាយម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម

បន្ទាយមានជ័យៈ នៅវេលាម៉ោង ៤ រំលងអធ្រាត្រឈានចូល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងរថយន្ត បង្កឲ្យក្រឡាប់លើលោកយាយម្នាក់ កំពុងរង់ចាំលក់អេតចាយ បណ្ដាលឲ្យស្លាប់មួយរំពេច ត្រង់ចំណុចផ្លូវលេខ ៣ បែកជា ៤ កាច់ជ្រុងផ្ទះអ្នកលក់អេតចាយ ស្ថិតភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះឈ្មោះ ហួត យី អាយុប្រហែល ៧០ ឆ្នាំ រស់នៅភូមិផ្សារថ្មី២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ កាលពីវេលាកើតហេតុ គេឃើញជនរងគ្រោះ ជិះកង់ដឹកអេតចាយ ១កូនការុង មកឈប់លើចិញ្ចើមផ្លូវរង់ចាំលក់អេតចាយ។ ខណៈនោះមានរថយន្តច្នៃដឹកអីវ៉ាន់ បើកបរដោយឈ្មោះ ទ្រី ខេងសុង ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បើកបរពីលិចមកកើត លុះបើកជិតផុតផ្លូវបែកជា ៤ ក៏មានរថយន្តដឹកទឹកកករបស់ក្រុមហ៊ុនទឹក ថាវរះ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកនិងកន្ទុយរថយន្តច្នៃពីក្រោយ បណ្តាលឲ្យក្រឡាប់ទៅលើលោកយាយលក់អេតចាយ ស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាង ទៅប៉ុស្តិ៍នគរបាល រង់ចាំដោះស្រាយគ្នាតាមច្បាប់ និងបានប្រគល់សពឲ្យគ្រួស្រារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់