ព័ត៌មានជាតិ

ផ្អើលយប់មិញ! សុទ្ធសឹងតែកងកម្លាំង រួមទាំងមេបញ្ជាការរងប៉េអឹមខណ្ឌជ្រោយចង្វាម្នាក់ទៀត ផឹកស្រវឹងទាស់សម្ដីគ្នា រឿងហៅ «អា» និងករណីចែកលុយដោះស្រាយក្ដីឲ្យគេ..

ភ្នំពេញ: កាលពីវេលាម៉ោង១២ និង ២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅផ្លូវមាត់ទន្លេអូតែលសុខា កែងនឹងផ្លូវបេតុងទល់មុខហាងផឹកស៊ីយីហោ «ប្អូនស្រី4141» សង្កាត់-ខណ្ឌជ្រោយចង្វារ មានករណីផឹកស៊ីស្រវឹង បានទាស់សម្ដីគ្នា រួចដកកាំភ្លើងគំរាមគ្នា បានបង្កឲ្យមានការផ្អើល។

ភាគីជម្លោះមានឈ្មោះ ម៉ៅ ភេទប្រុស បានឈ្លោះជាមួយបុរស២នាក់៖ ទី១ឈ្មោះ ណេង និងទី២ឈ្មោះ រក្ស ដែលពួកគាត់អះអាងថា សុទ្ធតែជាកងកម្លាំងដូចគ្នា និងជាមិត្តភក្តិគ្នា។

ដំណើររឿង៖ មុនកើតហេតុ បុរសឈ្មោះ ម៉ៅ កំពុងអង្គុយហូបអី ជាមួយមិត្តភក្តិបងប្អូន នៅហាងកើតហេតុខាងលើ។ លុះពេលស្រវឹង ស្រាប់តែលេចមុខឈ្មោះ ណេង និងឈ្មោះ រក្ស រួមទាំងមេបញ្ជាការរងប៉េអឹម ខណ្ឌជ្រោយចង្វាម្នាក់ទៀត ជិះរថយន្ដ ១គ្រឿង ម៉ាក TUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-3130 មកឈប់នៅមុខហាង ហើយបុរសឈ្មោះ ណេង បាននិយាយថា បុរសឈ្មោះ ម៉ៅ លួចហៅខ្លួន «អា» ពីក្រោយខ្នង និងរំឭករឿងចែកលុយគ្នា បានម្នាក់៩០០ដុល្លារ ករណីដោះស្រាយរថយន្តអត់ពន្ធឲ្យគេ ដោយមានមេបញ្ជារការងអាវុធហត្ថខណ្ឌជ្រោយចង្វារ ជួយធ្វើជាសាក្សីឲ្យខាង បុរសឈ្មោះ ណេង និងឈ្មោះ រក្ស ទៀតធ្វើឲ្យឈ្មោះ ម៉ោង ខឹងយ៉ាងខ្លាំង ក៏ប្រកែកថា មិនបាននិយាយអីទេ ទើបមានការឈ្លោះ រហូតប្រតាយប្រតប់គ្នា បោកកែវ និងទាញកៅអីរកវាយគ្នា ហើយចង់ដកអាវុធបាញ់គ្នាទៀត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍។

នៅពេលកម្លាំងអន្តរាគមន៍ខណ្ឌជ្រោយចង្វា បានចុះទៅដល់កន្លែងកើតហេតុ ភាគីទាំងពីរ បានបើករថយន្តចេញរៀងៗខ្លួន ខណ:មកដល់ផ្លូវកែវចិន្តា ជិតនឹងអូតែលសុខា ស្រាប់តែភាគីទាំងពីរឈប់ឈ្លោះគ្នាម្តងទៀត បម្រុងនឹងដកកាំភ្កើងបាញ់គ្នា ដោយចោទប្រកាន់រឿង«បើករថយន្តកៀរគ្នា»។

ក្រោយកើតហេតុ សមត្ថកិច្ច បានឲ្យភាគីទាំងពីរមកធ្វើការដោះស្រាយគ្នា នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ ដោយភាគីខាងបុរសឈ្មោះ ណេង បានបើករថយន្តខ្លួនទៅប៉ុស្តិ៍នគរបាល ចំណែកភាគីខាងបុរសឈ្មោះ ម៉ៅ បានបើករថយន្តគេចខ្លួនបាត់៕

មតិយោបល់