ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ ធ្វើសកម្មភាពលួចម៉ូតូសណ្តោងរ៉ឺម៉ក តែមិនសម្រេច ត្រូវពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យពីរនាក់ ត្រូវបានប្រជាពលរដ្ឋ ចាប់វាយទ្បើងទ្រោមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចនាំយកទៅសួរនាំ បន្ទាប់ពី ធ្វើសកម្មភាព លួចម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ដែលម្ចាស់គេចតទុកនៅខាងមុខផ្ទះ មិនបានសម្រេច។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ត្រង់ខាងមុខផ្ទះលក់ចាប់ហួយ១ កន្លែង ក្បែរនិងច្រកចូល ហ្គេនភ្នំពេញ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់ច្រាំងចំរះទី២ ខណ្ឌឬស្សីកែវ។

ជនសង្ស័យឈ្មោះ ឡុង រត្ធ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ (ឃាត់ខ្លួន) និងទី២ឈ្មោះ វ៉ាន រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ (ឃាត់ខ្លួន)។

ប្រភពពីបុរសរងគ្រោះឈ្មោះ វ៉ាន់ រតនា អាយុ៣៣ឆ្នាំ បានរៀបរាប់ប្រាប់ឲ្យដឹងថា ជារៀងរាល់យប់ គាត់តែងតែដេកយាម នៅខាងមុខផ្ទះរបស់គាត់ ដើយចតម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងខាងលើ ទុកនៅខាងមុខផ្ទះជាប់ និងកន្លែងគាត់ដេក ដោយមិនបានដកកូនសោចេញនោះទេ។

កន្លងមកក៏ធ្លាក់មានចោរមកបម្រុងលួចម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់ដែល តែមិនបានសម្រេច ត្រូវគាត់តាមទាន់ក៏រត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ រហូតដល់យប់កើតហេតុ គាត់ក៏ចតម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់ទុកនៅខាងមុខផ្ទះ និងបានដេកយាមនៅជាប់នោះដូចសព្វដង ស្រាប់តែដល់វេលាកើតហេតុ ក៏លេចមុខក្រុមជនសង្ស័យខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1V-3256 ជិះមកឈប់ក្បែរផ្ទះរបស់គាត់។

បន្ទាប់មកជនសង្ស័យម្នាក់ បានចុះពីលើម៉ូតូ ធ្វើជាឈរនោម និងជនសង្ស័យម្នាក់ទៀត ឈ្មោះ វ៉ាន រតនៈ បានលូនមកជិតម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់ បម្រុងធ្វើសកម្មភាព លួចយកទៅ តែពេលនោះគាត់ ក៏ស្រែកឆោឡោបង្កឲ្យក្រុមជនសង្ស័យទាំងពីរនាក់ នោះភ័យស្លន់ស្លោ បាននាំគ្នារត់ឡើង ជិះម៉ូតូបម្រុងគេចខ្លួន។

ភ្លាមនោះក៏មានប្រជាពលរដ្ឋ ដែលរស់នៅក្បែរជុំវិញកន្លែងកើតហេតុ បានភ្ញាក់ផ្អើលនាំគ្នាចេញមកជួយ ធ្វើការចាប់ប្រគល់ក្រុមជនសង្ស័យ និងបានស្វាគមន៍ម្នាក់មួយដៃមួយជើងទ្បើងទ្រោមខ្លួន រួចក៏ទាក់ទងរាយការណ៍ និងប្រគល់ជនសង្ស័យទាំងពីរនាក់ ជូនសមត្ថកិច្ចមូលដ្ឋានយកទៅសាកសួរ។

ក្រោយពេលកើតជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរះទី២ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ រង់ចាំធ្វើការចាត់ការទៅតាមនីតិវិធីច្បាប់ ជាបន្តទៀត៕

មតិយោបល់