ព្រះសីហនុៈ កម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបង្ក្រាបជនជាតិចិន ៤នាក់ ក្រោយលួច កាច់បំបែកសោរ.កម៉ូតូ និងវាយប្លន់ជនជាតិចិនដូចគ្នានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចម្តុំឧតុនិយម ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះ សីហនុ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា កម្លាំងល្បាតផែននគរបាលព្រហ្មទណ្ឌ បានប្រទះឃើញជនសង្ស័យជាជនជាតិចិន ២នាក់ កំពុងធ្វើសកម្មភាពកាច់បំបែកសោរ.កម៉ូតូ ឃើញដូចនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងធ្វើការត្រួតពិនិត្យឃើញមានឧបករណ៍សំរាប់កាច់សោរ.ក ម៉ូតូមួយចំនួន បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនយកមកកាន់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសួរនាំ។
ក្រោយពីសួរនាំជនសង្ស័យរួច សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ចាប់បានបក្ខពួកជនសង្ស័យចំនួន ២នាក់បន្ថែមទៀត។
ជនសង្ស័យចំនួន៤នាក់៖ ឈ្មោះ Zhou Wen អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែនៈ (គ្មាន), ឈ្មោះ Tan Bei អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ៏ ស្នាក់នៅភូមិ២សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែនៈ (គ្មាន), ឈ្មោះ Lin Wei អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែនៈ (គ្មាន) និងឈ្មោះ Li HongLiang អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែនៈ (គ្មាន)។
វត្ថុតាងចាប់យកបានរួមមាន៖ ឧបករណ៍សំរាប់ចម្លងសោរ, ឧបករណ៍សំរាប់ឆ្កឹះសោរ, សក់ក្លែងក្លាយចំនួន២ (សំរាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ), ស្រោមមុខខ្មៅ ឃើញតែរង្វង់ភ្នែកចំនួន៤(សំរាប់ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ), ដំបងដែករលាស់ចំនួន២ដើម, មួកចំនួន ៣, ពិលឆក់ចំនួន ១, វិទ្យុទាក់ទងចំនួន ១, ម៉ាស៊ីនឆូតលុយ ចំនួន ១, លិខិតឆ្លងដែន ចំនួន ០២ច្បាប់, ផ្លែកាច់សោរ.កម៉ូតូចំនួន១៤ ផ្លែ, ដងសំរាប់កាច់បំបែកសោរកម៉ូតូលេខ ៨ ចំនួន ២ដើម, ដែកកាច់បំបែកសោរ Solex ២ដើម, ឧបករណ៍សំរាប់បើកLock សន្ទះសោរម៉ូតូ១, ម៉ាស់ ចំនួន ១០, សោរម៉ូតូចំនួន ៣, សោរអក្សរ T ចំនួន ២, ឧបករណ៍សំរាប់បំបែកកញ្ចក់រថយន្ត ចំនួន ១, ឧបករណ៍សំរាប់ផ្តាច់ប្រព័ន្ធ Lock រថយន្ត ចំនួន ១, ឧបករណ៍សំរាប់កាច់បំបែកសោរទូរដែក ចំនួន ១, ឧបករណ៍សំរាប់ឆ្កឹះសោរទា្វររថយន្ត , ទ្វារផ្ទះ , សោរម៉ូតូ , សោរផ្ទះ មួយចំនួនធំ និងម៉ូតូម៉ាក Air Blade ចំនួន៦គ្រឿង។
តាមចម្លើយសារភាព ជនសង្ស័យជនជាតិចិនទាំង៤នាក់ បានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យជនជាតិចិន ៤នាក់ មានជនសង្ស័យជនជាតិចិន ២នាក់គឺ ឈ្មោះ Zhou Wen និងឈ្មោះ Tan Bei ដែលបានប្រព្រឹត្តបទល្មើស វាយប្លន់ជន រងគ្រោះម្នាក់ជាជនជាតិចិនដូចគ្នា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១:០០នាទី នៅតាមផ្លូវជិតអង្គការម្លប់តាប៉ាង ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ Liu Chuan ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ សំភារៈបាត់បង់៖ ប្រាក់១,៧០០$, ទូរស័ព្ទ ១គ្រឿងម៉ាក i-Phone។
ករណីទាំង ២ខាងលើនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្ត៕
មតិយោបល់