ភ្នំពេញៈ នៅវេលាម៉ោង ១រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ម៉ូតូឌ្រីមមួយគ្រឿងត្រូវចោរលួចចេញពីខណ្ឌកំបូលបានសម្រេច តែដោយជាប់ប្រព័ន្ធ GPS ម្ចាស់ប្តឹងសមត្ថកិច្ចដេញផ្អើល៩ខណ្ឌ ទើបយកមកប្លុងចោលនៅខណ្ឌឬស្សីកែវរួចគេចខ្លួនបាត់ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ម៉ូតូដែលចោរលួចចេញពីទឹកដីខណ្ឌកំបូលនេះ ម៉ាក់ឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HB-3696 ស៊េរីឆ្នាំ២០១៨។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោង ៨ព្រឹកថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូខាងលើ ពីក្នុងទឹកដីសង្កាត់កំបូល ខណ្ឌកំបូល រួចជិះតាមផ្លូវជាតិលេខ៤ សំដៅទៅផ្លូវវេងស្រេងចូលទឹកដីខណ្ឌពោធិ៍សែនជ័យ មានជ័យ និងដង្កោ បន្ទាប់មកចូលទឹកដីខណ្ឌចំការមន និងបឹងកេងកង រួចឆ្លងកាត់ខណ្ឌ៧មករា និងទួលគោក ចុងក្រោយទំនងអស់ផ្លូវរត់ ស្រាប់តែយកមកប្លុងចោលក្រោមដើមឬស្សីក្នុងទឹកដីភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ហើយត្រូវសមត្ថកិច្ចដេញតាមទាន់ តែម៉ូតូដែលជនសង្ស័យយកមកប្លុងចោល ចំណែកជនសង្ស័យគេចខ្លួនបាត់។
ក្រោយពេលកើតហេតុសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ម៉ូតូឲ្យម្ចាស់វិញ និងបន្តតាមវែកមុខជនសង្ស័យជាក្រោយ៕
មតិយោបល់