ព័ត៌មានជាតិ

រថយន្តម៉ាស័រដា BT-50 បើកបុករបាំងថ្មពុះចែកទ្រូង រងការខូចខាត

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្ត មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង ១និង១០នាទី រំលងអធ្រាត្រថ្ងៃទី១៧ ខែតុលាឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យព្រះកុសុម: តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តមួយគ្រឿងម៉ាក ម៉ាស័រដា BT-50 ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AX-6369 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយ២៧១ ក្នុងល្បឿយ៉ាងលឿនដូចហោះ។ មកដល់ចំណុចកើតហេតុរថយន្តខាងលើ ស្រាប់តែរេចង្កូតទៅខាងឆ្វេង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយកង់ រងការខូចខាត។ ចំណែកឯរថយន្តបង្ក បានហោះឡើងទៅកល់ជាប់ពីលើរបាំងថ្មពុះចែកទ្រូងផ្លូវទៅមុខលែងរួច រងការខូចខាតក្រពឹតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ។

ភ្លាមៗនោះអ្នកបើករថយន្តបង្ក ក៏បានចុះពីលើរថយន្ត រួចក៏គេចខ្លួនចេញពីកន្លែង កើតហេតុបាត់សម្រោល។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់កន្លែង កើតហេតុ និងបានរាយការណ៍ជូនសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួន មកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់