ព័ត៌មានជាតិ

ជនជាតិចិន បើកលុចស៊ីសបត់ឆ្លងផ្លូវ ត្រូវរថយន្តម៉ាស័រដា បុករងការខូចខាត

ភ្នំពេញ: បុរសជាជនជាតិខ្មែរម្នាក់ បានបើករថយន្តម៉ាស័រដា មួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុករថយន្តលុចស៊ីស GX470 របស់ជនជាតិចិនពេញទំហឹង បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបវត្តនាគវ័ន្ត តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី កែងនិងផ្លូវ ១៣២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសជាជនជាតិចិនម្នាក់ បើកបររថយន្តមួយគ្រឿង ម៉ាកលុចស៊ីស GX470 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2W-7866 ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី មកដល់ចំណុចកើតហេតុ រថយន្តខាងលើ បានបើកបត់ឆ្វេងបម្រុង ទៅផ្លូវ១៣២ ដោយខ្វះការប្រុងប្រយ័ត្ន ស្របគ្នានោះ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាក ម៉ាស័រដា BT-50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-0434 បើកបរដោយបុរសពីរនាក់ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ជាមួយល្បឿនយ៉ាងលឿន មកបុករថយន្តលុចស៊ីស GX470 ចំពាក់កណ្តាលពេញទំហឹង បណ្ដាលឲ្យរថយន្តលុចស៊ីស GX470 រងការខូចខាតក្រពឹត មួយចំហៀងផ្នែកខាងស្តាំ។ ចំណែកឯរថយន្តម៉ាស័រដា BT-50 បានរងការខូចខាត ក្រពឹតផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ដោយភាគីទាំងពីរ មិនអាចសម្របសម្រួលគ្នាបាន ទើបសមត្ថកិច្ចមូលដ្ឋាន ធ្វើការទាក់ទងទៅ សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទាំងពីរ ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ពេលក្រោយ៕

មតិយោបល់