កំពង់ឆ្នាំង៖ សិស្សវិទ្យាល័យព្រះបាទសុរាម្រឹតចំនួន១៥០នាក់បានមកចុះឈ្មោះនិងកំពុងរៀនក្នុងវគ្គបំប៉នលើមុខវិជ្ជា៤ មានរយៈពេល៤ថ្ងៃមកហើយ តែសិស្ស២៨៧នាក់ទៀតមិនទាន់ឃើញមកចុះឈ្មោះរៀននឹងគេនៅឡើយទេ ដែលធ្វើអោយលោកនាយកវិទ្យាល័យព្រះបាទសុរាម្រឹត និងលោកគ្រូ អ្នកគ្រូ នៅតែសំដែងក្តីបារម្ភចំពោះសិស្សធ្លាក់ទាំងនោះ។
នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ម្សិលម៉ិញនេះ លោក អឿ ម៉េងចុង នាយកវិទ្យាល័យព្រះបាទសុរាម្រឹតបានអោយអ្នកយកព័ត៌មានយើងដឹងថា៖ក្រោយពីមានការជួយផ្សព្វផ្សាយរបស់អ្នសារព័ត៌មានកន្លងមក ពេលនេះក្នុងវិទ្យាល័យរបស់លោកទទួលបាន សិស្សមកចូលរៀនវគ្គបំប៉ននេះបានចំនួន១៥០នាក់ហើយ តែលោកនៅតែបារម្ភព្រោះ សិស្សដែលប្រឡងធ្លាក់សញ្ញាប័ត្រទុត្តិយភូមិឆ្នាំ២០១៤នេះ ចំនួន២៧៨នាក់ទៀតមិនទាន់ មកចុះឈ្មោះចូលរៀននឹងគេនៅឡើយ។
ទាក់ទងនឹងបញ្ហានេះលោកនាយកបាននិយាយអោយដឹងថា៖នៅក្នុងវគ្គសិក្សាបំប៉នដើម្បីត្រៀមប្រឡងលើកទី២នៅថ្ងៃទី១៣និង១៤ ខែតុលា ឆ្នាំ២០១៤ខាងមុខនេះ លោក នាយក បានដាក់លោកគ្រូ អ្នកគ្រូចំនួន២០នាក់ជួយបង្រៀនបំប៉នសិស្ស ដោយបានចែក ចេញជា៦ក្រុមមានក្រុមរៀនព្រឹក និងក្រុមរៀនពេលរសៀល ហើយសិស្សក្នុង១ក្រុមៗ មានចំនួន៤៦នាក់។
យុវជន កង វីរៈ ជាសិស្សដែលកំពុងរៀនមុខវិជ្ជាគីមីវិទ្យាក្នុងវិទ្យាល័យព្រះបាទសុរាម្រឹតបានសំដែងនូវទឹកចិត្តរីករាយ និងបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក៍ដូចជាក្រសួងអប់រំយុវជន និងកីឡា ដែលបានផ្តល់ឳកាសអោយពួកគេបានប្រឡងជាលើកទី២ទៀត ដើម្បីទទួលបានសញ្ញាប័ត្រអាចយកទៅធ្វើការងារផ្សេងៗបាន។
ដោយឡែកកញ្ញា ហែល ស្រីប៉ុង ដែលកំពុងរៀនបំប៉ននូវមុខវិជ្ជាជីវវិទ្យាវិញក៍បានសំដែងនូវអារម្មណ៍រីករាយដោយក្តីសង្ឃឹមថា៖ក្នុងការប្រឡងសញ្ញាប័ត្រទុត្តិយភូមិលើកទី២នេះនាងនឹងខិតខំរៀនអោយចេះដើម្បីប្រឡងអោយជាប់ ។
នៅក្នុងពេលនេះដែរលោកនាយកវិទ្យាល័យព្រះបាទសុរាម្រឹត សូមសំណូមពរដល់ អ្នកសារព័ត៌មាន មេត្តាជួយអំពាវនាវបន្ថែមដល់សិស្សគ្រប់វិទ្យាល័យទាំងអស់នៅក្នុងខេត្ត កំពង់ឆ្នាំង ជាពិសេសសិស្សក្នុងវិទ្យាល័យសុរាម្រឹតដែលមិនទាន់មករៀន ត្រូវរូតរះមកចុះ ឈ្មោះនៅតាមវិទ្យាល័យរបស់ខ្លួន ដើម្បីបានចូលរៀនវគ្គបំប៉ន និងទទួលបានឯកសារលើ មុខវិជ្ជាទាំង៤ខាងលើដោយឥតគិតថ្លៃឡើយ៕
មតិយោបល់