ភ្នំពេញៈ កាលពីវេលាម៉ោង ២ និង ៣៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចមុខសាកលវិទ្យាល័យ ភូមិន្ទកសិកម្មចំការដូង ក្នុងក្រុម១៤ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ មានករណីចោរ ធ្វើសកម្មភាពកាត់សោផ្ទះប្រជាពលរដ្ឋ បម្រុងលួចទ្រព្យសម្បត្តិ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ សុខ ឡូញ ភេទប្រុស អាយុ៧៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ។
ដំណើររឿង៖ មុនពេលកើតហេតុ ខណៈកំពុងលង់លក់ក្នុងដំណេក ស្រាប់តែកូនរបស់ជនរងគ្រោះ ឮសូរសំឡេងកាត់សោ ដោយមានការសង្ស័យ ទើបក្រោកទៅមើល ឃើញម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ចតនៅក្បែរនោះ ទើបស្រែកឆោឡោថា ចោរៗ ធ្វើឲ្យជនសង្ស័យភ័យពេក ក៏ប្រញាប់រត់គេចខ្លួនតែម្តង ទុកម៉ូតូកង់បីឥណ្ឌាចោលនៅកន្លែងកើតហេតុ។
ក្រោយទទួលបានដំណឹង សមត្ថកិច្ច បានចុះធ្វើការត្រួតពិនិត្យ រកឃើញក្នុងម៉ូតូ កង់បីឥណ្ឌា មានសុទ្ធតែសម្ភារៈសម្រាប់គាស់ផ្ទះ ហើយបានយកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ដង្កោ ដើម្បីស្រាវជ្រាវរកជនសង្ស័យ មកចាត់ការតាមច្បាប់៕
មតិយោបល់