ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ១៣៥ គីឡូក្រាម ត្រូវបានមន្ត្រីសាខាកាំកុងត្រូល រកឃើញ និងដកហូត

បន្ទាយមានជ័យៈ យោងតាមផេករបស់ អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយមានការសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមគេហដ្ឋានតាំងលក់ ហាងលក់ទំនិញបោះដុំ និងផ្សារទំនើបនៅចំណុចភូមិក្បាលស្ពាន១ និងភូមិគីឡូលេខ៤ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ១៣៥ គីឡូក្រាម។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកនៅសាខាខេត្ត ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងបានចូលរួមផ្សព្វផ្សាយអនុក្រឹត្យលេខ ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ផ្តោតសំខាន់ចំពោះហាងលក់ម្សៅទឹកដោះគោកូនក្មេងផងដែរ៕

 

មតិយោបល់