ព័ត៌មានជាតិ

Hot dogជាច្រើនគីឡូក្រាម ដែលហួសកាលបរិច្ឆេទប្រើប្រាស់ ត្រូវបានមន្ត្រីសាខាកាំកុងត្រូល ដកហូត និងកម្ទេចចោលនៅផ្សារអង្កតាសោម

តាកែវៈ យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តតាកែវ ដោយមានកិច្ចសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ទំនិញគ្រឿងកំប៉ុង នៅផ្សារអង្កតាសោម ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ គ្រឿងសមុទ្រ គុយទាវសរសៃតូច លត និងបាញ់កាញ់ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

**ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញ ហត់ដក (Hot dog) ចំនួន ៥ គីឡូក្រាម ដែលហួសកាលបរិច្ឆេទ។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់