ព័ត៌មានជាតិ

Updated៖ រន្ធត់! ម៉ូតូមន្ត្រីស័ក្ត៤កន្លះម្នាក់ត្រូវរថយន្តបុកអូសប្រហែលជាង២០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗ និងរងរបួសស្រ្តីម្នាក់ នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញៈ កងទ័ពជើងទឹកម្នាក់បានស្លាប់គួរឲ្យអាណោចអធ័ម និងស្ត្រីម្នាក់ទៀតដែលរួមដំណើររងរបួសធ្ងន់ បន្ទាប់ពីមានរថយន្តសាំយ៉ុងមួយគ្រឿង បើកបោះពួយយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូឌ្រីមសង់ ជិះឆ្លងផ្លូវចូលបន្ទាយទាហានជើងទឹកអូសប្រហែលជាង២០ម៉ែត្រ។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ៨និង២០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦Aចំណុច ច្រកចូលបន្ទាយទាហានជើងទឹក ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ឈឹម ស៊ីណាត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបជាមន្ត្រីយោធាជាន់ខ្ពស់ ស័ក្ដ៤កន្លះ ទួនាទីរងអធិការកិច្ច ស្នាក់នៅបន្ទាយទាហានជើងទឹក សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត ស្រុកលង្វែក ខេត្តកំពុងឆ្នាំង។

អ្នកបើករថយន្តបង្កឈ្មោះ ខាត់ សៀវហៃ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ស៊ីស្នួលបើករថយន្តឲ្យគេ មានស្រុកកំណើត នៅភូមិចារ ស្រុកចិត្របុរី ខេត្តក្រចេះ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2S-5664 ដឹកអីវ៉ាន់ពេញធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ គាប់ជួនមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំងផង បានជ្រុលទៅបុកម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GD-6729 ជិះបុរសម្នាក់ជាមន្ត្រីយោធាជើងទឹកឌុបស្ត្រីម្នាក់កំពុងឆ្លងផ្លូវទិសដៅពីជើងទៅត្បូង បត់ទៅកើតចូលបន្ទាយទាហានជើងទឹក បុកពេញទំហឹង អូសម៉ូតូនិងបុរសម្នាក់ជាមន្ត្រីយោធាជាប់នៅមុខរថយន្តជាច្រើនម៉ែត្របណ្ដាលឲ្យស្លាប់ភ្លាមៗ និងស្ត្រីដែលជាអ្នករួមដំណើររងរបួសធ្ងន់ ត្រូវរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ចំណុចកើតហេតុបានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះ ព្រមទាំងអ្នកបើកបរទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ដោយឡែកសពរងគ្រោះខាងលើ ធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់