ព័ត៌មានជាតិ

លែងមែនទែនហើយ! អាជ្ញាធរ នឹងចាត់វិធានការចំពោះអ្នករំលោភប្រើប្រាស់ចំណីផ្លូវ ដោយខុសច្បាប់

កំពង់ឆ្នាំងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា យោងលិខិតលេខ ៨៦៦៨ សហវ.សជជ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការពង្រឹងការគ្រប់គ្រងដីចំណីផ្លូវ នៃគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សាធារណៈទាំងអស់ ដែលបានស្ដារសាងសង់ថែទាំ ឬពង្រីក រួចនាពេលកន្លងមក។

ដោយពិនិត្យឃើញថា ទោះបីមានច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ស្ដីពីការគ្រប់គ្រងដីចំណីផ្លូវជាច្រើនទៀត ដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងប្រើប្រាស់ចំណីផ្លូវ ឱ្យបានត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏នៅមានជនខិលខូចមួយចំនួន បាននិងកំពុងឆ្លៀតឱកាសឥតឈប់ឈរ បង្កនូវភាពអាណាធិបតេយ្យ ដោយទន្ទ្រានកាន់កាប់ដីចំណីផ្លូវ ដែលជាដីសាធារណៈរដ្ឋ គ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ហេតុដូច្នេះដើម្បីបង្ការ ទប់ស្កាត់ ឬបញ្ចៀសបញ្ហារាំងស្ទះ ដល់ការងារជួសជុលថែទាំ និងការអភិវឌ្ឍន៍ផ្លូវថ្នល់ នៅថ្ងៃអនាគត និងដើម្បីសន្សំថវិកាជាតិ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ស្នើសុំដល់៖

១. ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋ ដែលបង្កឲ្យមានសកម្មភាពអនាធិបតេយ្យ លើបញ្ហាទន្ទ្រានកាន់កាប់ដីចំណីផ្លូវដោយផ្ទាល់ ឬដោយប្រយោលក្តី ត្រូវបញ្ឈប់នូវសកម្មភាពល្មើសច្បាប់ទាំងនេះ ជាបន្ទាន់ ។
២. អាជ្ញាធរមូលដ្ឋាននៅកន្លែងដែរ មានករណីទន្ទ្រានកាន់កាប់ដីចំណីផ្លូវ ត្រូវធ្វើការណែនាំ និងត្រូវជួយជំរុញបុគ្គលទាំងនោះ ឲ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ ហើយតម្រូវឲ្យធ្វើស្វ័យរុះរើសំណង់អនាធិបតេយ្យ ដែលបានសាងសង់រួច តាមកំណត់ដោយគ្មានលក្ខខណ្ឌ ៕សូមអរគុណ!!!

មតិយោបល់