រតនគិរីៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ស្ថិតនៅក្នុងភូមិអូរកាន ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យមានមនុស្ស៣នាក់បានរងរបួសធ្ងន់ និងស្រាល ខណ:បើកបរក្នុងទិសដៅបញ្ច្រាសគ្នា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើកបរម៉ូតូបង្កឈ្មោះ ឈូក រតនា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រងរបួសស្រាល ជិះម៉ូតូ១គ្រឿងម៉ាកវ៉េវឆ្លាម ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BY-4689។
អ្នករួមដំណើរឈ្មោះ អ៊ុត សាវ៉ន ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិឡាវ មុខរបរ កសិករ បានរងរបួសធ្ងន់ បាក់កដៃខាងស្តាំ និងចុកដើមទ្រូង អ្នកទាំងពីរនាក់មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ។
រីឯជនរងគ្រោះឈ្មោះ ជា ថន ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេភូមិ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ បានរងរបួសធ្ងន់ ចុកដើមទ្រូងខ្លាំង ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2018 ពណ៌ ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1E-8987។
ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ខណៈម៉ូតូឆ្លាមបើកបរចេញពីផ្ទះមកលើផ្លូវលំមិនបានប្រុងប្រយ័ត្នជាមុនស្របពេលម៉ូតូជនរងគ្រោះមកដល់ក៏បុកតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ត្រូវបានរថយន្តសាមុយដឹកបញ្ជូនអ្នករងរបួសធ្ងន់យកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
មធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចមូលដ្ឋានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលំផាត់ដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមនិតិវិធី៕
មតិយោបល់