ភ្នំពេញៈ ចោរស្រីដៃរហ័សម្នាក់ ត្រូវកម្លាំងនគរបាលប្រចាំការនៅក្នុងផ្សារធំថ្មីធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពលូកយកកាបូបលុយពីនារីរងគ្រោះម្នាក់បានសម្រេចហើយ ព្យាយាមរត់គេចខ្លួនតែត្រូវជនរងគ្រោះឃើញទាន់ស្រែកឆោឡោ បង្កឲ្យភ្ញាក់ផ្អើលតែម្តង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងផ្សារធំថ្មី តូបលេខB067 ផ្លូវលេខ១៣៦ ភូមិ៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុក កា ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ជនរងគ្រោះឈ្មោះលឹម ដានី ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥០២អឺ ផ្លូវលេខ៩៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនចោរស្រីវ័យក្មេងរូបនេះ គឺស្រី្តរងគ្រោះកំពុងតែឈរទិញថង់ ស្រាប់តែភ្លាមនោះ ជនសង្ស័យបានដើរមកក្បែររួចធ្វើសកម្មភាពលូកយកកូនកាបូបរបស់ស្រ្តីរងគ្រោះ ដោយមិនបានរ៉ូតកាបូបស្ពាយចំហៀង បានសម្រេចហើយប្រុងរត់គេចខ្លួនតែត្រូវជនរងគ្រោះដឹងខ្លួនក៏ស្រែកឆោឡោ បង្កឲ្យភ្ញាក់ផ្អើលដល់នគរបាលដែលប្រចាំការក្នងផ្សារធំថ្មីជួយអន្តរគមន៍ចាប់ក្របួចជាប់តែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានវត្ថុតាងជាក់ស្តែងមានកាបូបពណ៌ខៀវ ក្នុងនោះមានលុយ៣០០ដុល្លារ ប្រគល់ឲ្យជនរងគ្រោះវិញ។ បច្ចុប្បន្ន កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕


មតិយោបល់