កណ្ដាលៈ យុវជន២នាក់បានជិះម៉ូតូធ្លាក់ស្ពានលខ៩ ហៅស្ពានព្រែកមេស្រុក បណ្ដាលឲ្យស្លាប់ទាំងពីរយ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចស្ពានលេខ៩ ហៅស្ពានព្រែកមេស្រុក ស្ថិតនៅផ្លូវលេខ២១ ភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះតួ ស៊ីនឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានទីលំនៅភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល រួមដំណើរជាមួយប្អូនប្រុសបង្កើតឈ្មោះ តួ មិត អាយុ២៤ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិស្លាបតាអោន ឃុំគរគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ប្រភពពីក្រុមគ្រួសារបានសមត្ថកិច្ចដឹងថា កាលពីម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៤ អ្នកទាំងពីរបានជិះម៉ូតូមួយគ្រឿងម៉ាកគុប សេ៥០ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ធ-៦៦៩១ ភ.ព១ បើកចេញពីផ្ទះទៅលេងផ្ទះបងប្រុសឈ្មោះ ណាត នៅឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។ លុះដល់ពេលយប់ទើបជិះម៉ូតូត្រឡប់មកផ្ទះវិញ ដោយយប់ងងឹត មេឃមានភ្លៀងខ្យល់ខ្លាំង ពេលបើកមកដល់ចំណុចស្ពានលេខ៩ ហៅស្ពានព្រែកមេស្រុក ដែលការដ្នានកំពុងដំណើរការសាងសង់ មើលផ្លូវមិនឃើញក៏បើកធ្លាក់ទៅក្នុងព្រែក បណ្ដាលឲ្យបោកក្បាលនឹងគ្រឹសគល់ស្ពានសន្លប់ឈ្លក់ទឹកថប់ដង្ហើមដាច់ខ្យល់ស្លាប់ទាំងពីរនាក់បងប្អូននៅនឹងកន្លែងកើតហេតុតែម្ដង។
សមត្ថកិច្ចបានសន្និដ្ឋានថា អ្នកទាំងពីរអាចនឹងស្រវឹស្រាងបើកបរ គាប់ជួនការដ្ឋានពុំបានដាក់ផ្លាកសញ្ញា ឬរនាំងការពារការដ្ឋានឲ្យបានត្រឹមត្រូវតាមបច្ចេកទេស ទើបបើកធ្លាក់ស្ពានបែបនេះ។ សាកសពទាំងពីរ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់