ព័ត៌មានជាតិ

មេព្រៃនិងទាហានការពារព្រំដែនលេខ៤០៥ ចុះរឹបអូសឈើគ្រញូងបានជាង៥០ដុំ

ព្រះវិហារៈ មន្ត្រីរដ្ឋបាលព្រៃឈើជាំក្សាន្តសហការជាមួយអង្គភាពវរសេនាតូចការពារព្រំដែនគោកលេខ៤០៥ ប្រចាំច្រកអានសេះ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចុះរឹបអូសគំនរឈើគ្រញូងប្រភេទក្រាក់ និងកូនក្រទ្បឹង ដែលធ្វើសន្និធិក្បែរជើងភ្នំអានសេះ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ ។

សេចក្តីរាយការណ៍ពីតំបន់ព្រំដែនប្រាសាទព្រះវិហារ បានឲ្យដឹងថា ក្រុមពលករខ្មែរភាគច្រើនស៊ីឈ្នួលស្ពាយឈើគ្រញូងអស់រយៈពេលជិត៨ឆ្នាំ មកហើយចេញពីទឹកដីថៃចូលមកកម្ពុជាតាមច្រកភ្នំ៥០០ ក្បែរច្រកតាថាវ និងច្រកព្រលានតាសេក ស្ថិតក្នុងឃុំជាំក្សាន្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចវរសេនាតូចការពារព្រំដែនលេខ៤០៥ តែម្តង។

តាមការឲ្យដឹងនេះ ជាករណីពិសេសហើយដែលទាហានការពារព្រំដែនលេខ៤០៥យល់ព្រមសហការគ្នាជាមួយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ដើម្បីបង្ក្រាបទប់ស្កាត់ និងរឹបអូសបទល្មើសព្រៃឈើតាមព្រំដែនកម្ពុជា-ថៃ។

មន្ត្រីរដ្ឋបាល ព្រៃឈើបានឲ្យដឹងថា ឈើគ្រញូងដែលជនល្មើសលាក់ទុកដោយខុសច្បាប់ក្បែរជើងភ្នំអានសេះនោះ មានចំនួន៥៦ដុំស្មើនឹងទម្ងន់សរុបចំនួន៤២៤គីទ្បូក្រាម ត្រូវបានទាហានការពារព្រំដែនលេខ៤០៥ ប្រគល់ជូនលោក ម៉ក់ បញ្ញា នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ដើម្បីរក្សាទុក និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៦នេះ ក្រុមឈ្មួញបានចរាចរណ៍ដឹកជញ្ជូនឈើគ្រញូងតាមរថយន្តតូចធំគគ្រឹកគគ្រេងចេញពីតំបន់ព្រំដែនប្រាសាទព្រះវិហារនៅពេលយប់ឆ្ពោះមកកាន់ទីរួមខេត្តព្រះវិហារយ៉ាងរលូន ដោយសារមានក្រុមសមត្ថកិច្ចជើងខ្លាំងជាអ្នកកាងផ្លូវផ្តាច់មុខ។

សមត្ថកិច្ចជើងខ្លាំងក៏មានភាគហ៊ុនជាមួយថៅកែគ្រញូងដុះស្លែថែមទៀត ទើបធ្វើឲ្យការបង្ក្រាបបទល្មើសព្រៃឈើ តាមដងផ្លូវគ្មានប្រសិទ្ធភាពអ្វីសោះអស់រយៈពេលជិត៨ឆ្នាំមកហើយ៕

មតិយោបល់