ព័ត៌មានជាតិ

ជនបរទេសម្នាក់ដួលនៅក្នុងជណ្តើរយន្តបណ្តាលឲ្យស្លាប់នៅសណ្ឋាគារ សុខាសៀមរាប សង្ស័យ…

សៀមរាប: មានករណីជនបរទេសម្នាក់ បានស្លាប់ នៅវេលាម៉ោងប្រហែល ១និង១៦នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារ សុខាសៀមរាប ស្ថិតនៅភូមិភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ KISHIMOTO KOJI ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិ ជប៉ុន ជាភ្ញៀវទេសចរណ៍ ចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅសណ្ឋាគារកើតហេតុខាងលើ។

តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ បានឲ្យដឹងថា នាវេលាម៉ោងប្រហែល ១៣និង២៥នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ បុគ្គលិកសណ្ឋាគារ បានទូរស័ព្ទមកមន្ទីរពេទ្យប្រាប់ថា មានជនបរទេសម្នាក់ បានដួលនៅក្នុងជណ្តើរយន្ត របស់សណ្ឋាគារ ប៉ុន្តែពេលដែលក្រុមគ្រូពេទ្យទៅដល់ កន្លែងកើតហេតុ ពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់បាត់ហើយ។ ផ្អែកតាមការស្រាវជ្រាវ របស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារដាច់សរសៃឈាមក្នុងខួរក្បាល។

បច្ចុប្បន្នសាកសពជនរងគ្រោះ កំពុងរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕

 

មតិយោបល់