ភ្នំពេញៈ ស្ត្រីដែលជាចោរម្នាក់ បានដើរលូហោប៉ៅយកកាបូបលុយពីស្ត្រីម្នាក់មិនបានសម្រេច ត្រូវម្ចាស់ឃើញទាន់ចាប់ក្របួចឲ្យសន្តិសុខផ្សារ ហើយឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ហេតុកាណ៍ភ្ញាក់ផ្អើលនោះ កាលពីវេលាម៉ោង ៩៖១៥នាទីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងផ្សារ ងិនអាន ហៅផ្សារទំនប់ ផ្លូវ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ស្ត្រីដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះវេន ស្រីវឿន ហៅ សាវឿន ភេទស្រី អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិត្រពាំងក្តា ឃុំស្រែជា ស្រុកដងទុង ខេត្តកំពត។ ចំណែកឯស្ត្រីម្ចាស់កាបូបមិនបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែនោះទេ ហើយកាបូបលុយដែលស្ត្រីខាងលើយកនោះមានលុយចំនួន១០ម៉ឺនរៀល ក្រោយពីពេលកើតហេតុ ម្ចាស់កាបូបបានយកទៅបាត់តែម្តង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះបានដើរចូលក្នុងផ្សារខាងលើ ដើម្បីរកទិញអី ខណៈពេលដែលរូបគាត់បានដើរចូលទៅក្នុងផ្សារ ដោយមានស្ថានភាពវាចង្អៀត ស្រាប់តែស្ត្រីដែលជាជនសង្ស័យបានដើរប្រជៀតតាមពីក្រោយជនរងគ្រោះ ហើយធ្វើសកម្មភាពលូកហោប៉ៅខោយកកាបូបលុយ ភ្លាមៗនោះ ស្ត្រីរងគ្រោះឃើញទាន់បានស្រែកឆោឡោ រួចចាប់បានប្រគល់ឲ្យសន្តិសុខផ្សារ និងឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ។
បច្ចុប្បន្នស្ត្រីខាងលើ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលទួលសង្កែ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់