ព័ត៌មានជាតិ

ភ្ជង់ប្លន់ទាំងព្រឹក យកម៉ូតូស្កុបពីស៊េរីឆ្នាំ២០២០ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ស្ត្រីជាជនរងគ្រោះម្នាក់ ត្រូវក្រុមជនសង្ស័យ ដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HI-5464 យកទៅបាត់ដោយសុវត្តិភាព។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង១០នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវលំម្តុំលក់ទឹកត្នោតជូ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ឡាយ ពៅ អាយុ៣៨ឆ្នាំ មុខរបរលក់កាហ្វេ ស្នាក់នៅម្តុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ទាំងទឹកភ្នែកថា ដោយរូបគាត់ សោកស្តាយម៉ូតូ ដែលទើបតែទិញមកបានមួយសប្តាហ៍ ហើយក៏ទើបតែយក ទៅកិបស្លាកលេខ កាលពីម្សិលមិញផងដែរ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ យកបាយទៅឲ្យម្តាយ របស់គាត់ នៅម្តុំបន្ទាយរថពាសដែកទួលពង្រ លុះត្រលប់មកវិញ ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងតាមក្រោយគាត់ រហូតដល់ផ្លូវស្ងាត់ ជនសង្ស័យម្នាក់ បានដកកាំភ្លើងខ្លី ពុំស្គាល់ម៉ាក តម្រង់ភ្ជង់ប្លន់យកម៉ូតូគាត់ ហើយក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ទៅដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យនោះឡើយ។

ក្រោយកើតហេតុមួយសន្ទុះ ក៏ឃើញកម្លាំងសមត្ថកិច្ច ចុះមកដល់ទីតាំងខាងលើ ហើយបានដឹកស្ត្រីរងគ្រោះ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល៕

មតិយោបល់