ព័ត៌មានជាតិ

Update៖ ករណីឃាតកម្មដ៏សាហាវ! រឹត.កសម្លាប់ រួចប្លន់យកទ្រព្យនារីកម្មការិនីម្នាក់ បង្កការភ្ញាក់ផ្អើល នៅខណ្ឌសែនសុខ

ភ្នំពេញៈ សពនារីជាកម្មការិនីរោងចក្រម្នាក់ ត្រូវបានគេប្រទះឃើញ ស្លាប់ហើមស្អុយរលួយ ក្នុងបន្ទប់ជួល ដោយមានស្នាមរឹតកសម្លាប់ និងបាត់បង់របស់របបមានតម្លៃអស់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចបន្ទប់ជួលលេខ៦ជាន់ទី២ ផ្ទះលេខ៦៥Eo ផ្លូវបេតុងភូមិដូង សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

តាមប្រភពពីនារីម្នាក់ឈ្មោះ ឃួន រ៉ា អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់លេខ៥ជាប់ និងបន្ទប់កើតហេតុ បានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៣ នាងបានចេញទៅលេងស្រុកកំណើតនៅឯខេត្តតាកែវ។ លុះដល់ព្រឹកថ្ងៃទី២៦ នាងក៏បានវិលត្រឡប់មកពីស្រុកកំណើតវិញ មកដល់ក៏ឃើញបន្ទប់របស់ជនរងគ្រោះ ចាក់សោពីខាងក្រៅ ប៉ុន្តែនាងមិនបានចាប់អារម្មណ៍ទ្បើយ ហើយបានចេញទៅធ្វើការងារនៅរោងចក្រដូចសព្វដង។

លុះពេលទៅដល់ស្រាប់តែប្រធានក្រុម បានប្រាប់នាងថា បាត់ជនរងគ្រោះតាំងពីថ្ងៃទី២៤ មិនឃើញមកធ្វើការសោះ និងប្រាប់ឲ្យនាងជួយរងជនគ្រោះផង។ រហូតដល់វេលាកើតហេតុ ខណៈដែលនាងចេញពីធ្វើការត្រលប់មកបន្ទប់ជួលវិញ មានអារម្មណ៍ធំក្លិនស្អុយ ចេញពីក្នុងបន្ទប់របស់ជនរងគ្រោះ ដែលបានចាក់សោពីខាងក្រៅ។

ដោយមានការសង្ស័យ នាងក៏បានហៅម្ចាស់ យកកូនសោទ្វារបន្ទប់ របស់ជនរងគ្រោះមកចាក់ ដើម្បីចូលទៅមើល ស្រាប់តែឃើញនារីរងគ្រោះ ដេកស្លាប់នៅខាងក្នុង ដោយសពមានសភាពហើមស្អុយរលួយ មើលលែងស្គាល់បាត់ទៅហើយ។ ភ្លាមៗនោះម្ចាស់ផ្ទះ ក៏ប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយធ្វើការអន្តរាគមន៍តែម្តង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន ដែលបានចុះទៅធ្វើការសាកសួរ ជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា សពនារីរងគ្រោះឈ្មោះ សឿន ស្រីដា អាយុ២១ឆ្នាំ ជាកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកើតហេតុ មានស្រុកកំណើតនៅភូមិគោល ឃុំរកាពប្រាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះ មកស្នាក់នៅបន្ទប់ជួលកើតហេតុ បានរយៈពេលជាងកន្លះឆ្នាំមកហើយ ដោយស្នាក់នៅតែម្នាក់ប៉ុណ្ណោះ ហើយកន្លងមកជនរងគ្រោះ មិនធ្លាប់ឃើញមានទំនាក់ទំនងស្នេហា ឬក៏មានរឿងរ៉ាវគុំកួនជាមួយអ្នកណានោះទេ។

ក្រោយពេលពីសមត្ថកិច្ចជំនាញ និងគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យលើសពជនងគ្រោះ សន្និដ្ឋានថា ករណីនេះជា អំពើឃាតកម្ម ដោយនារីរងគ្រោះ ស្នាមរឹត.ក និងលួចយកសម្ភារៈមានតម្លៃ រួចចាក់សោបង្ខាំងទុកពីខាងក្រៅ។

បច្ចុប្បន្នសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី នៅឯខេត្តត្បូងឃ្មុំ។ ចំណែកករណីនេះ សមត្ថកិច្ច ស្រាវជ្រាវដើម្បីកំណត់មុខសញ្ញា តាមរកជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់